សមត្ថកិច្ចនគរបាល ៖ សម្រេចដាក់ចេញផែនការចំនួនបី ចំណុច ដើម្បីបង្ការ និងបង្ក្រាបករណីលួច ឆក់ នៅទូទាំងប្រទេស ខណៈបទល្មើសហាក់គ្មានការថមថយសោះ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំដាក់ផែនការពង្រឹងការបង្ការ និងបង្រ្កាប អំពើលួចឆក់ នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលដឹកនាំកិច្ចប្រជុំដោយ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ករណីឆក់នេះ គឺមានការកើតឡើងជាបន្តបន្ទាប់បើទោះបីជាសមត្ថកិច្ចធ្វើការបង្រ្កាប យ៉ាងណាក៏ដោយ។ ជាក់ស្តែងករណីមួយនេះ សមត្ថកិច្ចធ្វើការបង្រ្កាបបានជាង៨០ភាគរយ ក្នុងចំណោម១០០ភាគរយ ប៉ុន្កែបទល្មើសមួយនេះ គឺនៅតែកើតមានដដែល។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា “ ផែនការបីចំណុចនេះរួមមាន៖ ផែនការបង្ការ, ផែនការឆ្លើយតប និងផែនការជំនាញ”។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្តថា បទល្មើសឆក់នេះ គឺវាមានគ្រោះថ្នាក់ណាស់ បើទោះបីជាមិនមែនជារឿងឃាតកម្មយ៉ាងណាក៏ដោយ ហើយមួយ វិញទៀតវាក៏ធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាផងដែរ ប្រសិនបើករណីមួយនេះ បានកើតឡើងចំពោះជនបរទេសនោះ។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្ថែមទៀតថា កិច្ចប្រជុំនេះក៏បានពិភាក្សាដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។ លោកបញ្ជាក់ថា គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់រមណីដ្ឋាន គ្រប់វត្តអារាមនានាត្រូវតែមានកម្លាំងយាមការ ដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ ហើយគ្រប់បុស្តិ៍ត្រូវតែមាននគរបាលប្រចាំការដើម្បីបង្ការសម្រាប់ប្រជាពលរដ្ឋមានបញ្ហាអ្វីកើតឡើង ៕ ដោយ ៖ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print