ភ្នំពេញ ៖ លោក សាន សុផាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់ទី៩ ខែកញ្ញា នេះ សម្រេចឃុំខ្លួនប្រធានក្រុមហ៊ុនឯកជនម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីបើកការស៊ើបសួរករណីចេញសែកគ្មានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ។
មន្ត្រីតុលាការ ថ្លែងថា ប្រធានក្រុមហ៊ុនរូបនេះ ឈ្មោះ ឆេង ខេងទ័ង ហៅកង អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ៩៧អឺសូន្យ ផ្លូវលេខ២៨០ សង្កាត់អូឡាំពិក ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកានពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” តាមមាត្រា២៣១នៃច្បាប់ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៧ តាមបណ្ដឹងរបស់ឈ្មោះ គួច ទៀងវេង ។
ពាក់ព័ន្ធការចោទប្រកាន់នេះ ប្រភពព័ត៌មាន បញ្ជាក់ថា ឈ្មោះ ឆេង ខេងទ័ង សារភាពថា ខ្លួនគេបានខ្ចីប្រាក់របស់លោកជំទាវម្នាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីរកស៊ី ។ ក្រោយមកម្ចាស់ប្រាក់បានទារប្រាក់វិញខ្លួនគេគ្មានប្រាក់សងក៏ចេញសែកចំនួន៦សន្លឹក ក្នុងមួយសន្លឹកមានទឹកប្រាក់៥មុឺនដុល្លារ តែសែកនោះគ្មានប្រាក់ទេ ទើបម្ចាស់ប្រាក់ប្តឹងសមត្ថកិច្ចតែម្ដងទៅ ៕ ចេស្តា