ខេត្តត្បូងឃ្មុំ៖ ការចេញ ប្រកាសរបស់ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយ
ប្រកាសថានៅវេលាម៉ោង៩៖៣០នាទីព្រឹកស្អែកនេះ ពួកគេនឹងទៅជួបជុំ នៅមុខពន្ធនាគារត្រពាំងផ្លុង ជាទីដែល ជនជាប់ចោទ កឹម សុខា ដោយសាររឿងក្បត់ជាតិកំពុងជាប់ឃុំឃាំងនៅទីនោះទាំងគ្មានការអនុញ្ញាតពីចៅក្រម។ ឆ្លើយតបនិងការទទួលបន្ទុកបញ្ហាសន្តិសុខ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រកាសថា៖ កម្លាំងនគរបាលអន្តរាគមន៍ជិត២០០នាក់ និងកម្លាំងទាហានប្រមាណ១០០នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់ទីនោះហើយ និងបើចាំបាច់នឹងបន្ថែមកម្លាំងទៀត ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅពេលមានការជួបជុំណាមួយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា៖ «កម្លាំងយើងជិត២០០នាក់ បូកជាមួយកម្លាំងយោធា១០០នាក់ទៀត បានបញ្ជូនទៅកាន់ទីនោះហើយ ពីព្រោះយើងត្រូវរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនសង្គមជាតិ»។
លោកស្នងការបានថ្លែងបែបនេះ មុននេះបន្តិចប្រាប់សារព័ត៍មានក្នុងស្រុក ដោយលោកបញ្ជាក់ថា៖ ការចូលជួបសួរសុខទុក្ខ ឬមិនបានចូលសួរសុខទុក្ខ ជាអាស្រ័យលើតុលាការ ហើយកម្លាំងសមត្ថកិច្ចមានតួនាទី និងភារកិច្ចការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ដោយឡែកខាងមន្រ្តីអនុរ័ក្សពន្ធនាគារវិញ មានសិទ្ធិឲ្យចូលសួរសុខទុក្ខ អ្នកទោស ឬជនជាប់ចោទ លុះត្រាតែមានការលិខិតអនុញ្ញាតពីតុលាការ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយលោកបានធ្វើការពន្យល់ថា៖ មន្រ្តីពន្ធនាគារ មិនមានសិទ្ធិនោះទេ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី មូរ សុខហួរ បានសរសេរលិខិតទៅចៅក្រម គី ឬទ្ធី សុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងថ្លុង) នៅវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។ នៅក្នុងលិខិតស្នើសុំនោះ ក្រៅពីលោកស្រី មូរ សុខហួរ រួមមាន លោក ប៉ុល ហំម តំណាងរាស្ដ្រមណ្ឌលតាកែវ លោក ស៊ុន ឆៃ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោក សួន សូរីដា តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ និងលោក គី វ៉ាន់តារា តំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ដែលមានបំណងចូលសួរសុខទុក្ខលោក កឹម សុខា។ ដោយឡែកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានបដិសេធមិនអនុញ្ញាត ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលជួបសូរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្ស នៅក្នុងពន្ធនាគារត្រពាំងថ្លុងនោះទេ ដោយលោកចៅក្រមពន្យល់ថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា។
នៅក្នុងលិខិតជម្រាបជូនទៅ លោកស្រី មូរ សុខហួរ លោកចៅក្រម គី ឬទី្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារសំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា ហើយចៅក្រមមិនទាន់សាកសួរជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសារ ជនត្រូវចោទដែលមិនទាន់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឲ្យបាន ក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនសិន… អាស្រ័យហេតុនេះ ការសុំចូលរួមសុខទុក្ខ លោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ វេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មិនអាចអនុញ្ញាតជូនបានទេ»៕
ដោយ៖ សិលា