ការចាកចេញរបស់លោកស្រីយីងឡាក់​ ជួយឲ្យនយោបាយថៃបន្ថយកម្តៅ

ចែករំលែក៖

ប្រទេសថៃ៖ ការចាកចេញរបស់លោកស្រីយីងឡាក់​​នៅមុនពេលតុលាការប្រកាសសាលក្រម គឺជារឿងមួយយ៉ាងល្អប្រសើរ​ ជួយឲ្យស្ថានភាពនយោបាយនៅក្នុងប្រទេសថៃបន្ថយកម្តៅ​បាន។
តាមលទ្ធផលស្ទង់មតិ​ថ្មីបំផុត​ របស់បណ្តាញ​ Suan Dusit ​បានប្រកាសឲ្យដឹងថា៖​ ការចាកចេញរបស់លោកស្រីយីងឡាក់​បានធ្វើឲ្យ​មានភាពស្ងប់ស្ងាត់បន្តិចនៅក្នុងឆាកនយោបាយប្រទេសថៃ។ តាមលទ្ធផលស្ទង់មតិទៅលើពលរដ្ឋ ប្រមាណ​ជាង​១០០០នាក់បានបង្ហាញឲ្យឃើញថា មានជាង​៨២ភាគរយ​យល់ឃើញ​នយោបាយថៃ បានបន្ថយកម្តៅ​ និងបន្ថយការប្រឈមមុខដាក់គ្នា រវាងគណបក្សនយោបាយ។
ជាមួយគ្នានេះ ពលរដ្ឋ​ជាច្រើន ចង់មើលឃើញការផ្លាស់ប្តូរថ្នាក់ដឹកនាំ នៅក្នុងគណបក្សភឿថៃ​​ដើម្បីឈានទៅរកជ័យជំនៈនៅក្នុងការបោះឆ្នោតខាងមុខ​។ ពលរដ្ឋដែលគាំទ្រ គណបក្សភឿថៃនៅតែបន្តគាំទ្រដដែល​ បើទោះបីបុគ្គលដែលខ្លួនស្រឡាញ់បានភៀសខ្លួនចេញពីប្រទេសហើយក្តី។
រដ្ឋាភិបាលថៃដឹកនាំដោយលោក ប្រាយុទ្ធចាន់អូចា បានស្នើដល់ប្រទេស ចំនួន១៩០នៅជុំវិញពិភពលោក ជួយស្វែងរក និងចាប់ខ្លួន លោកស្រីយីងឡាក់អតីតនាយករដ្ឋមន្ត្រីថៃ មកផ្តន្ទាទោសតាមផ្លូវច្បាប់។
សារព័ត៌មាន ដេលីម៉ែល បានផ្សាយថា រដ្ឋាភិបាលថៃ បានប្រកាសស្នើដល់១៩០ប្រទេស ជួយស្វែងរកចាប់ខ្លួនលោកស្រីយីងឡាក់បញ្ជូនមកប្រទេសថៃវិញឲ្យបានមុនតុលាការប្រកាសសាលក្រម នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខ។
ស្នងការរង ប៉ូលិសថៃលោក Wittaya Prayongpan បានឲ្យដឹងថា៖ ប៉ូលិសថៃបានផ្ញើរសំណើរទៅកាន់១៩០ប្រទេសដើម្បីជួយស្វែងរកចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ។ លោក Wittaya Prayongpan បានឲ្យដឹងថា ប្រសិនបើទទួលបានព័ត៌មាន ស្តីពីការលាក់ខ្លួន នៅទីណានោះ ក្រសួងការបរទេសថៃ នឹងដកហូតលិខិតឆ្លងដែនរបស់លោកស្រី។
កន្លងមក សារព័ត៌មានរ៉យទ័របានផ្សាយថា តាមប្រភពព័ត៌មានពីគណបក្សភឿថៃ លោកស្រីយីងឡាក់ បានចាកចេញពីប្រទេសថៃ ទៅកាន់ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ជាទីកន្លែងដែលបងប្រុសរបស់លោកស្រី គឺលោកថាក់ស៊ីនភៀសខ្លួនរស់នៅទីនោះ។
តុលាការថៃបានពន្យារពេល ប្រកាសសាលក្រម ពីថ្ងៃទី២៥ ខែសីហាមកថ្ងៃទី២៧ ខែកញ្ញា ក្រោយពេលលោកស្រីយីងឡាក់អវត្តមាននៅក្នុងពេលប្រកាសសាលក្រម ដោយមេធាវីបញ្ជាក់ថា លោកស្រីឈឺមិនអាចមកបាន។
ការចាកចេញរបស់លោក ស្រីយីងឡាក់ គឺបានជួយឲ្យរដ្ឋាភិបាលយោធា មិនជួបនូវឧបស័គ្គមានលក្ខណៈងាយស្រួលនៅក្នុងការរៀបចំដឹកនាំប្រទេសជាតិ។ ប្រសិនបើលោកស្រីយីងឡាក់ត្រូវជាប់គុកវិញនោះ នយោបាយថៃនឹងក្តៅគគុកមិនអាចមានភាពស្ងប់ស្ងាត់បានឡើយ ។ ការចាកចេញ របស់លោកស្រីយីងឡាក់ ធ្វើឲ្យគាំទ្រ ក៏ដូចជាក្រុមអាវក្រហម មានការតក់ស្លុត និង ធុញ ទ្រាន់ចំពោះការចូលរួមក្នុងឆាក នយោបាយ។
លោក Thitinan Pongsudhirak អគ្គនាយក មជ្ឈមណ្ឌលសន្តិសុខ និងស្រាវជ្រាវ អន្តរជាតិមកពីសាកលវិទ្យាល័យជូឡាឡុងកនបានបញ្ជាក់ថា «ហេតុការណ៍ខាងលើបានផ្តល់ផលប្រយោជជាច្រើនដល់រដ្ឋាភិបាលយោធាថៃ »។ ការបញ្ជូនលោកស្រី យីងឡាក់ ទៅដាក់គុក គឺមិនមែនជារឿង ងាយស្រួល ឬជាដំណោះស្រាយនយោបាយល្អឡើយសម្រាប់សង្គមថៃ។
នៅពេលនេះ មិនទាន់មានអ្នកណាម្នាក់ ដឹង​ថា តើបុគ្គលមានអំណាចរូបណាដែលនៅពីក្រោយការចាកចេញរបស់លោកស្រីយីង ឡាក់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយនូវពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលយោធាបានបិទភ្នែក ទុកឲ្យលោក ស្រីចាកចេញដោយសុវត្ថិភាព៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print