ប្រទេសចិន៖ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្មវិធីពិព័រណ៍ចិន អាស៊ានលើកទី១៤ នឹងត្រូវធ្វើឡើង នៅទីក្រុងណានីង ដែលជារដ្ឋធានីនៃតំបន់ស្វយ័តក្វាងស៊ីចុងភាគខាងត្រូងប្រទេស ចិន។ ការរួមគ្នាក៏សាងជំនួញសូត្រសមុទ្រសតវត្សរ៍ទី២១ និងជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់តាមរយៈវិស័យទេសចរណ៍ ជាប្រធានបទសំខាន់មួយក្នុងពិព័រណ៍នេះ។
ក្នុងសន្និសិទសារព័ត៍មាន កាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ឯ.ឧ Gao Feng (កៅ ហ្វុង) បានអោយដឹងថា ពិព័រណ៍ចិន អាស៊ានលើកទី១៤នេះ គោលបំណងសំខាន់គឺដើម្បីចូលរួមចំណែកដល់ការអនុវត្តកម្មវិធីភាពជាដៃគូវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន អាស៊ាន។
បើតាមអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្មចិន កិច្ចប្រជុំសំខាន់ៗទាក់ទងនិងការសហការវិនយោគ សិក្ខាសាលាទេសចរណ៍ចិន អាស៊ាន ការតាំងពិព័រណ៍ដែលបង្ហាញពី ផលិតផលប្រេង សារធាតុគីមី រ៉ែ វត្ថុធាតុដើម អេឡិច ត្រូនិច្ច និងអេឡិចត្រូនិច្ច សំភារៈផ្គត់ផ្គង់ការិយាល័យ ផលិតផលកៅស៊ូ ឈើ និងកសិកម្មជាដើម នឹងត្រូវបានតាំងបង្ហាញផងដែរក្នុងពិព័រណ៍នេះ។
សម្តេចអគ្គមហាសេនាបតីតេជៅ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ថ្នាក់ដឹកនាំ ប្រទេសផ្សេងៗមួយចំនួនទៀតនៃអាស៊ាន ក៏នឹងមកចូលរួមក្នុងកម្មវិធីពិព័រណ៍នេះដែរ។ ប៊្រុយណេ នឹងក្លាយជាប្រទេសលេចធ្លោជាងគេនៅឆ្នាំនេះ ហើយនិងបញ្ជូនតំណាងពាណិជ្ជកម្មជាង ១០០នាក់ទៅក្នុងពិព័រណ៍នេះ។
អ្នកសារព័ត៌មានមកពីបណ្តាប្រទេសអាស៊ាន ជាង១០០ នាក់ មកពី៧០ស្ថាប័នចូលរួមយកព័ត៌មានក្នុងពិព័រណ៍ដ៏ធំនេះ ក្នុងនោះក៏មានអ្នកសារព័រមានកម្ពុជា១០នាក់មកពីស្ថាប័នផ្សេងៗចូលរួមផងដែរ ។ ក្នុងនោះមាន លោក សារ៉ាយ ច័ន្ទតារា មជ្ឍមណ្ឌលព័ត៌មាននគរវត្ត ,ទូរទស្សន៍ BTV ,ការសែតភ្នំពេញប៉ុស្តិ៍ ទូរទស្សន៍ជាតិកម្ពុជា ,ទីភ្នាក់ងារសារព័តមានAKP អ្នកសារព័ត៌មានចិនជាងហ្វា និងសារព័ត៌មានពាណិជ្ជកម្មផងដែរ ៕ស តារា