ចិនគឺជាប្រទេសដែលបានបញ្ចេញផ្សេងពុលច្រើនជាងគេនៅលើពិភពលោក ដោយសារតែវិស័យឧស្សាហកម្មរបស់ចិនកើតឡើងខ្ពស់។ នៅពេលនេះដែរ ចិនបានបិទរោងចក្រប្រើប្រាស់ថាមពលធ្យូងថ្មជាច្រើន ដើម្បីកាត់បន្ថយផ្សែងពុលចូលក្នុងបរិយាកាស ។ ក្រៅពីនោះមធ្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ក៏បានបញ្ចេញជាតិពុលយ៉ាងច្រើនចូលក្នុងបរិយាកាស។
នៅពេលនេះដែរ ចិនក៏បានឡើងគម្រោង ផលិតរថយន្ត ដើរដោយថាមពលអគ្គិសនី ជំនួស រថយន្តដែលដើរដោយថាមពលប្រេងសាំង។ ចាប់ពីឆ្នាំ២០០៤នោះ ចិនពេលនេះក៏កំពុងពិចារណា និងធ្វើការស្រាវជ្រាវលើប្រធានបទនេះដែរ។ ហើយចិននឹងអាចផ្តល់កាលបរិច្ឆេទ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិង បច្ចេកវិទ្យាព័ត៌មានវិទ្យា នៅចំពោះមុខវេទិការថយន្តក្រុងជៀនជិន Tianjin។
សម្រាប់លោករដ្ឋមន្ត្រី ជាមួយនឹងវិធានការនេះ ចិននឹងមានការប្តូរផ្លាស់ស៊ីជម្រៅខ្លាំង ក្នុងវិស័យបរិស្ថាន និងឧស្សាហកម្មរថយន្ត។ ក្រុមហ៊ុនទាំងឡាយត្រូវបង្ខំចិត្តគោរពតាមបទបញ្ជា ដោយធ្វើប្រឹងសន្សំសំចៃការប្រើរថយន្តដើរដោយថាមពលចាស់ (ប្រេង) និងងាកទៅអភិវឌ្ឍន៍រថយន្តប្រើថាមពលស្អាត។
ថ្វីបើចិនពុំទាន់កំណត់ពេលវេលាហាមឃាត់បានមែន ប៉ុន្តែដំណឹងនេះជាតំណាងមហិច្ឆតាដ៏ធំដែលរដ្ឋាភិបាលត្រូវជំនះឱ្យ បាន ៖ ចិនជាទីផ្សាររថយន្តលំដាប់លេខមួយនៅលើពិភពលោក ដោយមានការលក់កើនឡើងដល់ទៅ១៤%នៅឆ្នាំកន្លងទៅ ពោលគឺ២៨លានគ្រឿង ក្នុងនោះ ជាង២៤លានគ្រឿងជាការទិញប្រើរបស់ឯកជន។ ការលក់រថយន្តប្រើថាមពលស្អាត តំណាងឱ្យតែ១,៧%ប៉ុណ្ណោះ។ ប៉ុន្តែទីផ្សារនេះមានភាពទាក់ទាញខ្លាំង និងមាននិន្នាការស្ទុះឡើងយ៉ាងគំហុក ដល់ទៅ ៥៣% នៅឆ្នាំ២០១៦ ដោយសារតែរដ្ឋាភិបាលមាននយោបាយផ្តល់ប្រាក់លើកទឹកចិត្តនិងសម្រួល ការផ្តល់ស្លាកលេខចំពោះរថយន្តប្រើអគ្គីសនី។
របបកុម្មុយនិស្តចិន ដែលប្រទេសធ្លាប់ជាប់ឈ្មោះអាក្រក់ខាងផ្នែកបំពុលបរិស្ថាន បាន ជំរុញនិងលើកទឹកចិត្តពលរដ្ឋផង និងផ្តល់កម្លាំងដល់ក្រុមហ៊ុនឧស្សាហកម្មរថយន្ត ដោយបានលើកច្បាប់ដំឡើងកូតាកម្ចីហរិញ្ញវត្ថុទិញ រថយន្តស្អាត ចាប់ពីដើមឆ្នាំ២០១៨ទៅ។
ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គីសនីចិនBYD បានស្ទុះឡើងដល់ទៅ៦%នៅព្រឹកមិញ។ ឯក្រុមហ៊ុនផលិតរថយន្តបរទេស ដូចយ៉ាងវ៉ុលវ៉ាហ្កែន កំពុងស្រក់ទឹកមាត់ ចង់បង្កើនផលិតផលរបស់ខ្លួនឱ្យបានកាន់តែឆាប់ដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់ទីផ្សារយក្សចិន៕
ដោយ៖ មែវ សាធី