អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅប្រទេសរុស្ស៊ីបានប្រកាសថា គ្មានច្បាប់ដាក់ទណ្ឌកម្មណាមួយធ្វើឲ្យផ្លាស់ប្តូរ គោលជំហរ ក្នុងកម្មវិធីបរមាណូនិងមីស៊ីលរបស់កូរ៉េខាងជើងនោះឡើយ។
ក្រោយពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដាក់ទណ្ឌកម្មថ្មីបន្ថែមទៅលើកូរ៉េខាងជើង អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្ស៊ីលោក Kim Yong Jae បានប្រកាសថា «យើងធ្លាប់រស់នៅក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិក ជាច្រើនទសវត្សកន្លងមក និងមានទណ្ឌកម្ម តឹងតែងជាច្រើន ។ ប៉ុន្តែយើង នៅតែអាចសម្រេចអ្វីដែលយើងចង់បាន ។ ប្រសិនបើអាមេរិក ចង់ឲ្យ គោលជំហររបស់យើង មានការផ្លាស់ប្តូរ នោះគឺជាការស្រមើស្រមៃ»។
លោក Kim Yong Jae ប្រកាស់ទៀតថា កម្មវិធីបរមាណូនិងមីស៊ីលកូរ៉េខាងជើង និងជួយដល់ ប្រទេសនេះរារាំងគោលនយោបាយ ចងគំនុំរបស់អាមេរិក និងរារាំងសង្គ្រាមបរមាណូ ដែលអាចកើតឡើងនៅឧប្បទ្វីបកូរ៉េ។
លោក Kim Yong Jaeបន្តទៀតថា សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ គឺរងសម្ពាធ ពីអាមេរិកដែលប្រើប្រាស់ស្ថាប័នកំពូលមួយនេះធ្វើជាឧបករណ៍ សម្រាប់អាមេរិកប្រើប្រាស់។ យើងបានច្រានចោលនិងថ្កោលទោស នៅការសម្រេចសាងលើ របស់អង្គការសហប្រជាជាតិ។
ពាក់ព័ន្ធនិងការបង្កើនដាក់ទណ្ឌកម្មលើកូរ៉េខាងជើង នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បានបញ្ជាក់ថា វាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីធ្វើការផ្លាស់ប្តូរគោល នយោបាយកូរ៉េខាងជើង ដោយការដាក់កម្រិត សម្ពាធកាន់តែធ្ងន់ធ្ងរឡើង លើប្រទេស កុម្មុយនិស្តមួយនេះ ជាពេលមុនៗ។
យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទ័រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក អាបេ បានប្រាប់ ក្រុមអ្នកកាសែតថា ប្រទេសជប៉ុន ចង់អនុវត្តធ្វើការដឹកនាំ ដើម្បីនាំមកនូវការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាងតាមរយៈសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹង សហគមន៍អន្តរជាតិ។
សូមជម្រាបផងដែរថា នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ បង្កើនទណ្ឌកម្ម លើកូរ៉េខាងជើង ជុំវិញការធ្វើតេស្តនុយក្លេអ៊ែរ ដ៏ខ្លាំងក្លាលើកទី៦ កាលពីថ្ងៃទី០៣ ខែកញ្ញា ដោយការដាក់បម្រាមលើការ នាំចេញវាយ នភ័ណ្ឌ និងកំណត់ការនាំចូលប្រេងឆៅ៕
ដោយ៖ មែវ សាធី