ស្រ្តីម្នាក់ធ្លាប់កើតជំងឺសរសៃប្រសាទចាប់កូនស្រីអាយុ១ឆ្នាំបោកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងស្រីម្នាក់អាយុ១ឆ្នាំ បានរងការបោកនឹងពាងទឹក និងចាប់បោកបង្គោលឈើស្នួលហាលខោអាវពីសំណាក់ម្តាយបង្កើត​បណ្តាលឲ្យស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចអណ្តូងពីរ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ម្តាយជាឃាតករក្រោយពីធ្វើឃាតកូនបង្កើតរួចហើយ ក៏ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌក្រោមការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង ទើបតែមកកាន់មុខតំណែក បានចុះទៅចាប់ឃាត់ខ្លួនស្រ្តីសង្ស័យដើម្បីយកទៅអនុវត្តតាមផ្លូវច្បាប់។

លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកប្រាប់ឲ្យដឹងថា កុមាររងគ្រោះមានឈ្មោះ ណាល់ ស្រីពេជ្រ អាយុ១ឆ្នាំ បានរងការបោកសម្លាប់បែកក្បាលផ្នែកខាងស្តាំមួយកន្លែង ក្រោមការបញ្ចេញកំហឹងថាឪពុកកូនស្រីនោះមានស្រីថ្មី។ ស្រ្តីសង្ស័យមានឈ្មោះ តិ សុខឃី អាយុ៣៤ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

លោកអធិការរងបានប្រាប់ឲ្យដឹងទៀតថា ស្រ្តីសង្ស័យត្រូវម្តាយបង្កើតប្រាប់ថា ធ្លាប់កើតជំងឺសរសៃប្រសាទ និងបានទៅព្យាបាលរោគសរសៃប្រសាទនៅមណ្ឌលសុខភាពអន្លង់វិលមួយរយៈម្តងរួចមកហើយ។ បន្ទាប់មកអាការៈនាងបានធូរស្បើយ នាងក៏បានទៅធ្វើការងារជាកម្មកររោងចក្រនៅភ្នំពេញរហូតដល់រយៈពេល៣ឆ្នាំ។ ក្រោយមកនាងត្រឡប់មកផ្ទះវិញបាន៣ថ្ងៃ និងថែមទាំងមានផ្ទៃពោះ គ្មានប្តីពិតប្រាកដ ក៏សម្រាលបានកូនស្រីម្នាក់អាយុបាន១ឆ្នាំ ។

NKD-36x6_outline

លោកអធិការរងប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុម្តាយបង្កើតស្រ្តីសង្ស័យ បានទៅវត្តភ្នំប្រាំពីរកាន់បិណ្ឌ នៅផ្ទះសល់តែចៅស្រីតូចរងគ្រោះ និងស្រ្តីសង្ស័យជាម្តាយរូបនោះ។ លុះបន្ទាប់មកម្តាយត្រឡប់ពីវត្តវិញទើបដឹងថា​កូនស្រ្តីបានសម្លាប់កូនខ្លួនឯងស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចសាកសួរស្រ្តីសង្ស័យឆ្លើយសារភាពថា​នាងសម្លាប់កូនខ្លួនឯង​ខឹងនឹងប្តីទៅមានស្រីថ្មី ហើយសម្លាប់កូនចោលដើម្បីកុំឲ្យប្តីឃើញមុខកូននោះ។

លោកអធិការរងបញ្ជាក់ឲ្យដឹងទៀតថា ម្តាយស្រ្តីសង្ស័យប្រាប់ទៀតថា កូនស្រីគាត់ឲ្យដល់ថ្ងៃសិល គឺចាប់ផ្តើមានមានអការៈមិនល្អ​និងតែងតែស្រែកទ្រហ៊ោយំខ្លាំងៗតែម្តង ។ នាង ធ្លាប់មានលិខិតបញ្ជាក់ពីគ្រូពេទ្យជំងឺសរសៃប្រសាទប៉ុន្តែបាត់លិខិតបញ្ជាក់នោះរកមិនឃើញ។

ស្រ្តីសង្ស័យត្រូវបានចាប់ខ្លួនបញ្ជូនយកទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅអនុវត្តតាមច្បាប់នោះសិន រង់ចាំតាមដានស្រាវជ្រាវស៊ើបអង្កេតបន្ថែមទៀត៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print