ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញ និងស្នងការរាជធានីភ្នំពេញ នៅព្រឹកទី១៤ ខែកញ្ញា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានបង្ហាញមុខក្រុមក្មេងទំនើង១៧នាក់ ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និងបង្កឲ្យបាត់បង់សណ្ដាប់ ធ្នាប់ តាមដងផ្លូវសាធារណៈ និងម៉ូតូអត់មានពាក់ស្លាកលេខចំនួន១៦គ្រឿង។
ក្រោយពីធ្វើកិច្ចសន្យារួចមក លោក នេត សុីថុន អធិការខណ្ឌ៧មករា បានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់ ស៊ីម៉ាំង ធម្មតា ចូលវិញដោយខ្លួនឯង នៅនឹងកន្លែង ហើយបានផាវិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា មិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ ឲ្យឮខ្លាំងៗរំ ខានដល់សាធារណជនទៀតឡើយចំណែកម៉ូតូអត់មានពាក់ស្លាកលេខចំនួន១៦គ្រឿងត្រូវបាននគរបាលខណ្ឌ៧មករាដឹកយកទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ។
ជាមួយគ្នានេះ លោកអធិការក៏បានបញ្ជាក់ថានេះជាលើកទី២ហើយគិតចាប់ពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧រហូតមកដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧កន្លងមកនេះ ដែលអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ក្រុមជនលេងម៉ូតូបំពងសម្លេង រំខានតាម ដងផ្លូវបែបនេះ សរុបទាំងអស់មានចំនួន៥៤គ្រឿង។ ក្នុងនោះលោកអធិការរង ហ័ន វិបុល ទទួលផែនសណ្តាប់ធ្នាប់ ក៏បាន អំពាវនាវដល់មាតាបិតា អាណាព្យាបាល ជួយអប់រំនិងតាមការប្រើប្រាស់ម៉ូតូរបស់កូនចៅផង បើពឹងលើសមត្ថកិច្ចតែឯងមិនអាចគ្រប់គ្រងបានទាំងស្រុងទេ ទាល់តែមានការចូលរួមពីក្រុមគ្រួសារ ទើបអាចរក្សាសណ្តាប់ធ្នាប់សង្គម និងមានសុវត្ថិភាពបានល្អ ៕ ស រស្មី