ខេត្តកំពង់ចាម ៖ ឧបករណ៍ល្មើសនេសាទជាច្រើនរួមមាន ៖ ឧបករណ៍លូស្បៃមុង , លូស្បៃមុង ចំនួន១២៥មាត់ , របាំងស្បៃមុង ប្រវែង៥៦២៥ម៉ែត្រ , បង្គោលចម្រឹងប្ញស្សី២១២៥ដើម និងបានចាក់លែងកូនត្រីចម្រុះសរុប៦២៩គីឡូក្រាម និងកាប់បំផ្លាញឧបករណ៍ជាច្រើនទៀត នៅចំណុចអតីតឡូត៌លេខ៨ ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះខេត្តកំពង់ចាម ចុះសហការបង្ក្រាប កាលពីវេលាម៉ោង៨ និង៣០នាទីដល់ម៉ោង៥ និង៣០នាទី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ។
លោកវរសេនីយ៍ទោ ស្រេង ធារី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាមបានឲ្យដឹង ថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត បានចុះសហការជាមួយមួយកម្លាំងសមត្ថ កិច្ចចម្រុះរួមមាន ៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម , កម្លាំងនគរបាលអធិការ ដ្ឋានស្រុកកោះសូទិន , កម្លាំងកងរាជអាវុធហត្ថស្រុកកោះសូទិន កម្លាំងសឹករងស្រុកកោះសូទិន អភិបាល នៃគណ:អភិបាលស្រុក កោះសូទិនបានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចអតីត:ឡូត៌លេខ៨ ។
ក្នុងយុទ្ធនាការនោះជាលទ្ធផលរកឃើញ ៖ ឧបករណ៍លូស្បៃមុង , លូស្បៃមុង ចំនួន១២៥មាត់ , របាំងស្បៃមុង ប្រវែង៥៦២៥ម៉ែត្រ , បង្គោលចម្រឹងប្ញស្សី២១២៥ដើម ,ឧបករណ៍រ៉ាវ៨មាត់ , របាំងប្រវែង៣៥០ម៉ែត្រ , បង្គោលប្ញស្សី១២០ដើម, របាំងបិទផ្ចិតព្រែក , របាំងបិទផ្ចិតព្រែក ចំនួន៥កន្លែង , បង្គោលចំនួន១២០ដើម ,របាំងព្រួលប្រវែង៩០ម៉ែត្រ , លបទ្រូចំនួន២០ និងចាក់លែងត្រីចម្រុះសរុប៦២៩គីឡូក្រាម់ ។
គួរបញ្ជាក់ផងដែរថា ចំពោះឧបករណ៍ជាវត្ថុតាងមួយចំនួនបានកាប់បំផ្លាញចោលនៅនឹងកន្លែង និងឧបករណ៍ មួយចំនួនទៀតយកមករក្សាទុកនៅសាលាស្រុកកោះសូទិន ៕ វណ្ណៈ