អតីតមន្ត្រីការិយាល័យប៉ូលិសទីក្រុងបាងកកត្រូវបានគេចាត់ទុកថាជាអ្នកនៅពីក្រោយ ការចាកចេញរបស់លោកស្រីយីងឡាក់ដោយជោគជ័យបើទោះ មានការយាមល្បាតយ៉ាងតឹងតែងក្តី។
សារព័ត៌មាន BangkokPost នៅថ្ងៃទី២៣ ខែកញ្ញាបានផ្សាយថា៖ អ្នកដែលជួយលោកស្រីយីងឡាក់ចាកចេញនោះ គឺមេបញ្ជាការរងកម្លាំងប៉ូលិស លោក Chairit Anurit ។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា លោកជាអ្នកបញ្ជា ចូលរួម នៅក្នុងគម្រោងរំដោះលោកស្រីយីងឡាក់ចេញពីប្រទេស ។លោក Anurit មានទំនាក់ទំនងជិតស្និតជាមួយមន្ត្រីការិយាល័យប៉ូលិសថៃ។
ប៉ូលីសជាន់ខ្ពស់មួយរូប បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា៖ លោកត្រូវបានគេបញ្ជា ឲ្យជួយលោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ ដើម្បីចាកចេញពីប្រទេស។ នេះបើយោងតាម ឧបនាយករដ្ឋមន្រ្តីថៃ លោក Prawit Wongsuwon ។
យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើង របស់ឧបនាយករដ្ឋមន្រ្តីថៃរូបនេះថា៖ មន្រ្តីជាន់ខ្ពស់រូបនោះ ក៏បានប្រាប់អាជ្ញាធរ អំពីឈ្មោះអ្នកនៅពីក្រោយ នៃការជួយលោកស្រី យីងឡាក់ ឲ្យរត់គេចនេះដែរ លោកថា អ្នកដែលនៅពីក្រោយ នៃការជួយលោកស្រី យីង ឡាក់ នេះ កំពុងស្ថិតនៅប្រទេសថៃ នៅឡើយ ប៉ុន្តែលោក Prawit Wongsuwon បានបដិសេធ មិនប្រាប់លម្អិត ជាងនេះឡើយ។
ក្រុមអ្នកស៊ើបអង្កេតបានចាប់ផ្តើម ស៊ើបអង្កេតទៅលើមន្រ្តីប៉ូលិស ៣នាក់ និងមេបញ្ជាការរងម្នាក់ កាលពីយប់ថ្ងៃព្រហស្បតិ៍ អំពីការចាកចេញយ៉ាងឆាប់រហ័ស របស់លោកស្រី យីងឡាក់។
នៅក្នុងការស៊ើបអង្កេត របស់ប៉ូលីស គឺកាលពីថ្ងៃព្រហស្បតិ៍ ប៉ូលីសបានរឹបអូសរថយន្តម៉ាក់ តូយូតា កាម៉ារី មួយគ្រឿង ដែលមានស្លាកលេខ chor khor 5323 ដែលគេជឿជាក់ថា បានប្រើប្រាស់ជាមធ្យោបាយ ដឹកលោកស្រី យីងឡាក់ ទៅកាន់ព្រំដែន៕
ដោយ៖ មែវ សាធី