កាលពីថ្ងៃទី២៥ខែកញ្ញា ក្រុមអ្នកឯកទេសស្តីពីសន្តិសុខបានឲ្យដឹងថា៖ ឃ្លីបវីដីអូដែលបានបង្ហាញនាពេលកន្លងមកបង្ហាញឲ្យឃើញថា ក្រុមភេរវកម្ម IS បានប្តេជ្ញាប្រមូលផ្តុំគ្នានៅតំបន់អាស៊ីភាគអាគ្នេយ៍ក្នុងការបង្កើតទីតាំងទីពីរនៅទីនេះ។
សារព័ត៌មាន The Straits Times បានផ្សាយថា ឃ្លីបវីដីអូប្រហែលជាង៣០នាទី ដែលក្រុម IS បានបង្ហោះកាលពីថ្ងៃទី២៤ខែកញ្ញា ក្នុងនោះមានខ្មាន់កាំភ្លើងជនជាតិ សឹង្ហបុរី មានឈ្មោះហៅក្រៅ Abu Uqayl ដែលនិយាយភាសាអង់គ្លេសបានល្អ បញ្ជាក្រុមឧទ្ទាមនៅក្នុងតំបន់ អាស៊ីភាគអាគ្នេយ៍បង្កើនសកម្មភាពវាយប្រហារនៅទីនេះ។
ក្រសួងមហាផ្ទៃសឹង្ហបុរីបានបញ្ជាក់ថា៖ បុរសនៅក្នុងឃ្លីបខាងលើ មានឈ្មោះពិត Megat Shahdan Abdul Samad អាយុ៣៩ឆ្នាំ បានចាកចេញពីសឹង្ហបុរីកាលពីឆ្នាំ២០១៤ ទៅកាន់មជ្ឈមបូព៌ាចូលរួមជាមួយក្រុម IS ។ បុគ្គលរូបនេះធ្លាប់ ល្មើសច្បាប់ ជួញដូរគ្រឿងញៀន នៅក្នុងប្រទេសសឹង្ហបុរី និងឆក់ប្លន់ទ្រព្យសម្បត្តិនៅឆ្នាំ១៩៩៩និង២០០២។
តាមការបញ្ជាក់របស់សាស្ត្រាចារ្យ Bilveer Singh មកពីមហាវិទ្យាល័យសឹង្ហបុរីបានបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ Megat Shahdan Abdul Samad ក្នុងឃ្លីបវីដេអូបញ្ជាក់យ៉ាងច្បាស់ថាពិតជាមានទំនាក់ទំនងជិតស្និតជាមួយក្រុមភេរវកម្ម IS នៅក្នុងតំបន់និងនៅមជ្ឈឹមបូព៌ា។
តាមការបញ្ជាក់របស់សាស្ត្រាចារ្យខាងលើ ក្រុម IS បានបរាជ័យ យ៉ាងខ្លាំងនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដូច្នេះក្រុមនេះបានផ្លាសប្តូរទិសដៅទៅកាន់តំបន់ផ្សេងក្នុងនោះមានតំបន់អាស៊ីភាគអាគ្នេយ៍ ក្នុងនោះមានទីក្រុងម៉ារ៉ាវី ប្រទេសហ្វីលីពីន និងរដ្ឋរ៉ាឃីនប្រទេសមីយ៉ានម៉ា។
ការគំរាមកំហែងវាយប្រហារភេរវកម្មនៅក្នុងប្រទេសសឹង្ហបុរីកាន់តែកើនឡើងខ្ពស់រយៈពេលចុងក្រោយនេះ។ចាប់តាំងពីឆ្នាំ២០១៥មកទល់ពេលនេះ មានពលរដ្ឋសឹង្ហបុរីដល់ទៅ១៧នាក់បានចូលរួមជាមួយក្រុម IS ។ តាមការវាយតម្លៃ មានពលរដ្ឋនៅបណ្តាប្រទេសក្នុងតំបន់អាស៊ានជាង១០០០នាក់បានទៅចូលរួមជាមួយក្រុមភេរវកម្ម IS ហើយពួកគេអាចវិលត្រឡប់មកស្រុកវិញបង្កើតតំបន់គ្រប់គ្រងនៅទីនេះ។
កន្លងមកថ្មីៗក្រុម IS ក៏បានផ្សព្វផ្សាយ នូវឃ្លីបវីដេអូមួយ អំពាវនាវដល់ពលរដ្ឋ ដែលគាំទ្រក្រុមរបស់ខ្លួននៅទូទាំងពិភពលោក បន្តធ្វើដំណើរ តែពេលនេះ មិនមែនទៅកាន់ស៊ីរីឬអីុរ៉ាក់នោះឡើយ គឺទៅកាន់ ប្រទេសហ្វុីលីពីន វិញម្តង។
ឃ្លីបវីដេអូខាងលើគឺជាភស្តុតាងបង្ហាញឲ្យឃើញថាក្រុមភេរវកម្ម IS កំពុងតែបាត់បង់ទីតាំងយុទ្ធសាស្ត្រនៅក្នុងប្រទេស តំបន់មជ្ឈិមបូព៌ា មានអីុរ៉ាក់និងស៊ីរីជាដើម។ក្រុម IS មិនត្រឹមតែ ធ្វើសកម្មភាពនៅក្នុងប្រទេសហ្វុីលីពីនតែមួយនោះទេ គឺនៅតំបន់អាស៊ានទាំងមូល។
នៅពេលនេះក្រុម IS នៅមជ្ឈិមបូព៌ា កំពុងតែចុះខ្សោយ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវាយប្រហារ ពីសំណាក់ ទាហានរដ្ឋាភិបាលស៊ីរី គាំទ្រដោយ ទាហានអាកាសរុស្ស៊ី។ ដោយបរាជ័យជា បន្តបន្ទាប់ ក្រុម ភេរវកម្មកំពុងស្វែងរកទីតាំងថ្មីសម្រាប់ ដំណើរការគេចផុតពីអាមេរិក និងរុស្ស៊ី ក្នុងនោះមានតំបន់អាស៊ាន។
នៅក្នុងប្រទេសហ្វុីលីពីន ក្រុមភេរវកម្ម ដូចជា Abu sayyaf បានបង្កើតឡើងជា ច្រើនឆ្នាំមកហើយ នៅក្នុងប្រទេសហ្វុីលីពីនជិតព្រំដែន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ក្រុមភេរវកម្មងាយស្រួលក្នុងការជ្រើសរើសកម្លាំងរបស់ខ្លួន ក៏ដូចជាការជួញដូរអាវុធឆ្លងព្រំដែន។ នៅពេលនេះដែរ ក្រុមភេរវកម្ម បានធ្វើសកម្មភាពដោយបើកចំហនៅក្នុងទីក្រុងម៉ារ៉ាវី ដោយបានបង្ហូតទង់IS នៅ ទីក្រុងនោះផងដែរ។ ប្រធានាធិបតីហ្វុីលី ពីន លោកឌុយទែរតេបានសារភាពថា កម្លាំងទាហាននិង ប៉ូលិសពិបាកក្នុងការ គ្រប់គ្រងតាមបណ្តោយព្រំដែន ។
នៅតំបន់ភាគខាងត្បូងហ្វុីលីពីន មាន ជំរំហ្វឹកហាត់ក្រុមឧទ្ទាម មកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ប្រុ៊យណេ សិង្ហបុរី បាន កើតឡើងជាច្រើនឆ្នាំមកហើយ។ខ្មាន់កាំភ្លើងជាច្រើននៅតំបន់អាស៊ីភាគអាគ្នេយ៍ធ្លាប់បានចូលរួមនៅក្នុងសង្គ្រាម តំបន់ មជ្ឈិមបូពា៌ ដោយបានឆ្លងកាតការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញនៅទីនោះ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ បើទោះបីមានការជួយអន្តរាគមន៍ពីអាមេរិក និងអូស្ត្រាលី ក៏ទាហានហ្វុីលីពីន មិនអាចរំដោះបានទីក្រុងម៉ារ៉ាវី ពីក្រុងភេរ វកម្ម IS ដែលដណ្តើមគ្រប់គ្រងនៅទីនោះ តាំងពីខែឧសភាមកទល់ពេលនេះ។
ការបន្លាស់ទី របស់ក្រុម IS ទៅកាន់តំបន់ ភាគខាងត្បូង ហ្វុីលីពីនបានធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ។ អ្វីដែលគួរឲ្យបារម្ភ ជាងនេះនោះ គឺក្រុមឧទ្ទាមអ៊ិស្លាមនៅ មីយ៉ាន់ម៉ាដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងកម្លាំងទាហានរដ្ឋាភិបាល ក៏អាចបង្កើត ទីតាំង គ្រប់គ្រងវាយប្រហារប្រឆាំងរដ្ឋាភិបាល ។
កន្លងមករដ្ឋាភិបាលហ្វុីលីពីនបាន ប្រកាសថា ប្រទេសរបស់ខ្លួន កំពុងតែត្រូវ បាន ក្រុមភេរវកម្ម ឈ្លានពាន។ នៅពេល នេះ៣ភាគ៤នៃទីក្រុង ម៉ារ៉ាវីដែលមាន ពលរដ្ឋ ប្រមាណ២សែននាក់រស់នៅ ស្ថិតនៅភាគខាងត្បូងកោះមីនដាណាវ ត្រូវបានក្រុមម៉ៅតេនិងក្រុម អាប៊ូ សា យ៉ាហ្វ គ្រប់គ្រង ។ នៅក្នុងសារផ្ញើទៅ កាន់រដ្ឋសភា លោកឌុយទែរតេ បានបញ្ជាក់ ថា កម្លាំងក្រុមភេរវកម្ម បានរំដោះអ្នកទោស និងគ្រប់គ្រងទីតាំងជាច្រើនក្នុងនោះមានស្ពាន៣ធំៗ។
កម្លាំងភេរវកម្មនៅពេលនេះកំពុងតែ ស្វែងរកនិងបណ្តេញអ្នកកាន់សាសនាគ្រិស្ត ចេញពីទីក្រុងម៉ារ៉ាវីផងដែរ ដោយក្រុមនេះស្វែងរកចាប់ខ្លួនអ្នកកាន់សាសនាគ្រិស្ត មកធ្វើជារនាំងការពារ សម្រាប់វាយប្រហារជាមួយកម្លាំងទាហានហ្វុីលីពីន។
តាមតួលេខដែលកម្លាំងទាហានហ្វុីលីពីនបានផ្តល់ មកទល់ពេលនេះមានមនុស្ស ៤២នាក់ស្លាប់ ។
កម្លាំងខ្មាន់កំាភ្លើងម៉ៅតេ គឺជាក្រុមដែលមានសមត្ថភាពធ្វើសង្គ្រាមអាចទប់ទល់នឹងការវាយប្រហាររបស់កម្លាំងទាហានរដ្ឋាភិបាល ។បច្ចុប្បន្នក្រុមអាប៊ូសាយ៉ាហ្វ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងក្រុម IS ក៏បាន ចូលរួមជួយដល់ក្រុមម៉ៅតេ ក្នុងការវាយ ប្រហារទៅលើទាហានរដ្ឋាភិបាលហ្វុីលីពីន។ តាមរបាយការណ៍ចារកម្ម ហ្វុីលីពីន បានឲ្យដឹងថា មេដឹកនាំក្រុមភេរវកម្មឈ្មោះ Isnilon Hapilon ជាអ្នកប្តេជ្ញាស្មោះត្រង់ជាមួយក្រុម IS ដែលមានរហស្សនាមថា Daesh ត្រូវបានក្រុមភេរវកម្មIS ជឿទុកចិត្ត ឲ្យដឹកនាំ បង្កើតទីតាំងគ្រប់គ្រងនៅហ្វុីលីពីន។ កាលពីឆ្នាំ២០០៥ ក្រសួងហិរញ្ញវត្ថុអាមេរិកបានរឹបអូសទ្រព្យសម្បត្តិ របស់ Hapilon ដោយសារតែមានសកម្មភាព ពាក់ព័ន្ធនឹងក្រុមភេរវកម្ម ក្នុងនោះមាន ទំនាក់ទំនងជាមួយអូសាម៉ា ប៊ីនឡាឌិន ទៀតផង។
កាលពីថ្ងៃទី២៣ខែឧសភា កម្លាំង ទាហានហ្វុីលីពីន បានបើកការវាយប្រហារ ទៅលើទីបញ្ជាការរបស់មេដឹកនាំក្រុមភេរវកម្ម Hapilon ប៉ុន្តែការវាយប្រហារនោះ ត្រូវបាន ក្រុមភេរវកម្មវាយមកវិញ ធ្វើឲ្យ ទាហានរដ្ឋាភិបាលបរាជ័យ។ នៅពេល នេះក្រុម IS បានដាក់ទង់ជាតិនៅគ្រប់ទិសទីក្នុងទីក្រុង ម៉ារ៉ាវី៕
ដោយ៖ មែវ សាធី