ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយសារជិះរថយន្តបុក បង្គោលភ្លើង ខ្ទាតធ្លាក់ចូលទឹកស្រះ នៅខាងមុខសាលាមឋមសិក្សា ហ៊ុន សែន អូវ៉ាង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទទៀបភ្លឺ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ១៦១ទៅ១៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុមានរថយន្តម៉ាកកាមរី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2C-5920 បើកបរដោយឈ្មោះ គឹម ហ៊ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគ្រួសឃុំគ្រួសស្រុក ស្វាយជ្រំខេត្តស្វាយរៀង និងអ្នករួមដំណើរ៤នាក់ទៀតមានឈ្មោះជា ចន្ទោ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ់ មានទីលំនៅភូមិបុស្សលាវឃុំបុស្សលាវស្រុកក្រចេះខេត្តក្រចេះ, ឈ្មោះ ជា ណាវឿន ភេទប្រុស អាយុ៣៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកញ្ចំ ឃុំកញ្វំ ស្រុកពារាំង ខេត្តព្រៃវែង និង ២នាក់ទៀតមិនស្គាល់ឈ្មោះ ។
សមត្ថកិច្ចបន្តថា រថយន្តនេះបើកក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅបុកបង្គោលភ្លើង រួចខ្ទាតធ្លាក់ចូលស្រះទឹកបណ្ដាលអោយអ្នកបើកបរស្លាប់និងកន្លែងតែម្ដង ។
បច្ចុប្បន្នអ្នកស្លាប់ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯអ្នករងរបួសកំពុងព្យាបាលនៅមន្ទីរ សម្រាកព្យាបាលផាសុភាព២បាវិត ។
តាមការសន្និដ្ឋានសមត្ថកិច្ចឲ្យដឹងថា មូលហេតុដោយសារតែអ្នកបើបបររថយន្តបើកក្នុងល្បឿនលឿន ។ វត្ថុតាង សមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕ យឹម សុថាន