លោកអូស្មាន ហាស្សាន់៖ អគុណសម្ដេចតេជោ ដែលបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុននានា អនុញ្ញាតឲ្យនារីខ្មែរ-ឥស្លាម ចូលធ្វើការដោយស្លៀកសម្លៀកបំពាក់ប្រពៃណី

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ អគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវទៅដល់ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានា អនុញ្ញាតឲ្យនារីខ្មែរ-ឥស្លាម អាចចូលបម្រើការងារដោយស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ ដោយមិនស្លៀកឯកសណ្ឋានកំណត់ដោយក្រុមហ៊ុន។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន នាក់មកពីតាមរោង ចក្រសហគ្រាសនានា នៅក្នុងខណ្ឌមាន ជ័យនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីបានស្តាប់នូវការត្អូញត្អែរមួយចំនួនរបស់និស្សិតស្រ្តីខ្មែរ-ឥស្លាមពីការលំបាករបស់ពួកគេក្នុងការស្វែងរកការងារធ្វើនៅ តាមបណ្ដា ក្រុមហ៊ុន នានា ព្រោះក្រុមហ៊ុនតម្រូវឲ្យស្លៀកឯកសណ្ឋាន ដែលខុសពីប្រពៃណីរបស់ពួកគេ។
កាលពីដើម ខែកញ្ញាកន្លងមកនេះ ក្នុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់វិឥស្លាមនៅក្នុងខេត្ត កំពង់ចាមនិស្សិតខ្មែរ-ឥស្លាម ដែលទើបបញ្ចប់ការសិក្សាផ្នែកគណនេយ្យ កញ្ញា អាដាម លីម៉ា បានថ្លែងថា៖ ពេលកញ្ញា ទៅដាក់ពាក្យបម្រើការងារនៅតាមក្រុមហ៊ុន ឯកជននានា គឺខាងក្រុមហ៊ុនតែងតម្រូវឲ្យកញ្ញាស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន។
កញ្ញា អាដាម លីម៉ា បានបញ្ជាក់យ៉ាងដូច្នេះ គេតម្រូវឲ្យយើងស្លៀកពាក់ឯកសណ្ឋាន តាមគេ ព្រោះអីបុគ្គលិកគេទាំងអស់ត្រូវពាក់ដូចៗគ្នា។ អ៊ីចឹងទៅគេឲ្យយើងដោះក្រមា ឬស្លៀកខ្លី ដូច្នេះពួកខ្ញុំធ្វើអត់បាន ។
កញ្ញា អាដាម លីម៉ា រំពឹងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន នឹងជួយសម្របសម្រួល និងមានការបន្ធូរបន្ថយ ឲ្យនិស្សិតនារីខ្មែរ-ឥស្លាម អាចបម្រើការងារដោយមិនស្លៀកខ្លី និងអាចទទូរក្រម៉ាបាន ព្រោះតែសាសនារបស់ឲ្យពួកគេ ស្លៀកពាក់បិទបាំងរៀងកាយឲ្យជិត។ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីសំណាក់ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ចំពោះនារីខ្មែរ-ឥស្លាម ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់ការអនុគ្រោះជាច្រើនសម្រាប់ពួកគេរួចទៅហើយ ដូចជាការឲ្យចូលរៀនដោយមិនស្លៀកឯកសណ្ឋានសាលា និងអាចថតរូបទទូក្រមាជាដើម។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះ សូមអំពាវនាវម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន តើអាចធ្វើទៅបានទេ ដែលផ្តល់ឱកាសឲ្យស្រ្តីដែលជាជនជាតិ ឥស្លាមស្លៀកពាក់តាមរបៀបឥស្លាម។ រាជរដ្ឋាភិបាល បានផ្តល់នូវការអនុញ្ញាតសម្រាប់និស្សិត សិស្ស ជាស្រ្តីឥស្លាម ដើម្បីចូលទៅសិក្សានៅតាមគ្រឹះស្ថានសិក្សានានា ដោយស្លៀកពាក់តាមតម្រូវការរបស់ខ្លួន ជាការស្លៀកពាក់តាមឯកសណ្ឋានរបស់សាលា ឬស្លៀកពាក់តាមរបៀបឥស្លាម ។
កញ្ញា អាដាម លីម៉ា បានសម្តែងការរីករាយជាខ្លាំង បន្ទាប់ពីបានទទួលព័ត៌មាននៃការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ កញ្ញា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏គួរឲ្យគោរព ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនខ្មែរ-ឥស្លាមទូទៅ។
កញ្ញា អាដាម លីម៉ា ក៏រំពឹងមុតមាំថា ម្ចាស់ក្រុមហ៊ុននៅកម្ពុជា នឹងអនុគ្រោះដល់ពួកគេ ហើយអនុវត្តន៍តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ កន្លងមក និស្សិតខ្មែរ-ឥស្លាម បានត្អូញត្អែរពីការលំបាករកការងារធ្វើ ព្រោះតែក្រុមហ៊ុនតម្រូវឲ្យស្លៀកឯកសណ្ឋាន ។
ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ ក្នុងតំណាងឲ្យបងប្អូនសាសនិកឥស្លាមកម្ពុជា ជាពិសេស បងប្អូនកម្មករ កម្មការិនីខ្មែរឥស្លាមទាំងអស់ មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអំពាវនាវឲ្យបណ្ដារោងចក្រ​ ,សហគ្រាស​ ,ក្រុមហ៊ុន​ នានា​ ជួយ​ទទួលយកបងប្អូននារីខ្មែរឥស្លាម បានចូលធ្វើការ​ និង អនុញ្ញាតឲ្យពួកគាត់អាចស្លៀកសម្លៀកបំពាក់បែបប្រពៃណី ពេលបម្រើការងារ ក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់រោងចក្រ ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី២៧ កញ្ញា​ ២០១៧ នោះ ។
លោកអូស្មាន ហាស្សាន់ ក៏បានសូមសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រីទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ប្រាជ្ ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៏មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងថែមទៀត ៕

...

ដោយ៖ សំរិទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print