ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់រថយន្តម៉ាកហាយឡេនឌឺរមួយគ្រឿងដឹកឈើគ្រញូងលោតឆ័ត្រ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅចំនុចតាមដងផ្លូវជាតិ ក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ចំណែកអ្នកបើកបររថយន្តខាងលើរត់គេចខ្លួន។
លោក វរសេនីយ៍ត្រី ឡុង ចាន់រិទ្ធ អនុមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបានប្រាប់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍មក ថា មានរថយន្ត ហាយឡែនឌ័រ ពណ៌ស ១គ្រឿង ពាក់ផ្លាកលេខ.ភ.ព.2G.2662 ដឹកឈើគ្រញូង ឆ្លងកាត់ស្រុកពួក ទើបលោកបានដាក់កម្លាំង ចំនួន៦នាក់ រថយន្តចំនួន៣គ្រឿង បានចុះទៅដល់ទីតាំងខាងលើ ក៏ឃើញ រួចធ្វើការស្ទាក់ចាប់ ខណៈពេលនោះម្ចាស់រថយន្តបើករត់ បានបន្តិចក៏ទុកឡានចោល ហើយរត់គេចខ្លួនបាត់។
លោកបានបន្តថា វត្ថុតាង ដែលកម្លាំងយើងចាប់យកបាននោះមាន៖ – រថយន្ត០១គ្រឿងម៉ាកហាយឡេនឌឺរពណ៌ស ពាក់ផ្លាក លេខ.ភ.ព.2G.2662 ក្នុងរថយន្តនោះមាន- ឈើប្រណិត(ឈើក្រញ៉ូង) ចំនួន៤១៥ដុំ ទម្ងន់ ៤៥០ គីឡូក្រាម ស្មើនិង ០,៤៥ ម៉ែត្រគូប បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបាន កងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿង បញ្ជូនឱ្យផ្នែករដ្ឋបាលព្រៃឈើបាគង ចាត់ការបន្ត ទៅតាមនីតិវិធី ៕ ប៊ុនរិទ្ធី