គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងអនាម័យក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈ បញ្ជាការឯកភាពខណ្ឌកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌដូន ពេញបានបន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ នៅតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋានខណ្ឌដូនពេញ មួយចំនួនទៀត។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោក សុខ ពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនិងជា ​ប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទបន្តចុះរៀចចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងអនា​ម័យ​​​តាមបណ្តោយផ្លូវកម្ពុជាក្រោមជាប់ព្រំប្រទល់ខណ្ឌ៧មករា ស្ថិតនៅក្នុងសង្កាត់​ផ្សារ​ថ្មីទី១ និងតាមបណ្តោយផ្លូវលេខ៤៧ ចាប់ពីរង្វង់មូលរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់គល់ស្ពានជ្រោយចង្វា ស្ថិត​ក​្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្នុងនោះរដ្ឋបាលខណ្ឌ បានប្រកាស ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវឈប់ចតនិងលក់ដូររំលោភលើចិញ្ចើម ផ្លូវសាធារណៈដោយបានដាក់យានយន្ដឬ​តាំងលក់សម្ភារផ្សេងៗបាំងចិញ្ចើមផ្លូវនិងផ្លូវថ្មើរជើងជាដើមដើម្បីបញ្ជៀសបាន​នូច​ការកកស្ទះចរាចរណ៍និងអនាម័យល្អ​ប្រសើរ។ រដ្ឋបាលខណ្ឌដូនពេញ​បានទុក​ឱសានវាទរយៈពេល៧ថ្ងៃចាប់​តាំងពីថ្ងៃ​ជូនដំណឹងនេះទៅ ។

ក្នុងករណីបងប្អូនមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌនោះទេ រដ្ឋ បាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាល ដោយស្ទួច និងលើកសម្ភារទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ ។

NKD-36x6_outline

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខណ្ឌដូនពេញបានចុះរៀបចំណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវសំខាន់ៗក្នុងមូលដ្ឋានដោយបានណែនាំបងប្អូនប្រជាពលរដ្ឋកុំឲ្យចតយានយន្តខុសចំណតលក់ដូរតាមការ​កំណត់​ដែលបានគូសជូននិងបានអប់រំពី បញ្ហាអនាម័យបរិស្ថានតាមទី​សាធារ​ណៈ ជាដើមហើយគេបានសង្កេតឃើញថា បង​ប្អូនប្រជាពលរដ្ឋយើងមានការយល់ដឹង​ច្រើននិងបានចូលរួមជាមួយអាជ្ញាធរយ៉ាងសកម្មផងដែរ។ ប៉ុន្ដែក៏នៅមានបងប្អូន ​ប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តយក ចិញ្ចើមផ្លូវសាធារណៈមកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនជាហេតុបង្កឲ្យបាត់បង់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានី ភ្នំពេញយើងទាំងមូល ។

ជាចុងក្រោយលោកអភិបាលខណ្ឌក៏ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់និងអធ្យាស្រ័យ ដើម្បីសហការជាមួយរដ្ឋបាលខណ្ឌ-សង្កាត់ ក្នុងការចូលរួមចំណែកថែរក្សាសណ្ដាប់ ធ្នាប់សាធារណៈនិងអនាម័យក្នុងមូលដ្ឋាន​របស់ខ្លួនក៏ដូចជារាជធានីភ្នំពេញទាំងមូលឲ្យបានល្អប្រសើរឡើង ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print