កណ្ដាល ៖ អនុរក្សពន្ធនាគារ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ នាំខ្លួនទណ្ឌិតនាង ប៊ុនធឿន មកសាលាដំបូងខេត្តកណ្ដាល កាត់ទោសពាក់ព័ន្ធបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទប៉ុនប៉ងរំលោភសេពសន្ថវៈ ។
សវនាការនេះដឹកនាំដោយលោក ផូង វណ្ណ ជាប្រធានក្រុមប្រឹក្សា លោក គឹម ម៉េង លោក អ៊ី សុវណ្ណ ជាចៅក្រមប្រឹក្សា និង លោក សេង រិទ្ធី ជាតំណាងអយ្យការ ។
ទណ្ឌិតឈ្មោះ នាង ប៊ុនធឿន អាយុ៥៧ឆ្នាំ ជាប់ចោទចំនួនពីរបទល្មើស គឺ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ តាមមាត្រា៤២ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ និងបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមមាត្រា២៧និង២៣៩នៃក្រមព្រហ្មទណ្ឌ ។
លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ខេត្តកណ្តាល ធ្លាប់បានឱ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារត្រពាំងថ្លុងចំនួន២០ឆ្នាំពីបទរំលោភសម្លាប់ និងបានចេញពីគុកក្នុងអំឡុងឆ្នាំ២០០៤ ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានប៉ុនប៉ងរំលោភក្មួយស្រីសាច់ថ្លៃម្នាក់អាយុ១៩ឆ្នាំ ។ ប៉ុន្តែ ពុំបានសម្រេច រួចក្រោយមកក៏បានរំលោភក្មួយស្រីម្នាក់ទៀតឈ្មោះ អាយុ១០ឆ្នាំ រហូតបានសម្រេច៣លើក ៕ ចេស្តា