ភ្នំពេញ ៖ យុវជន២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញធ្វើការឃាត់ខ្លួនករណីរក្សាទុកនូវសារធាតុគ្រឿងញៀនខុសច្បាប់ចំនួន០២កញ្ចប់ថង់តូចនៅជាប់ខ្លួនយកទៅប្រើប្រាស់។
ការឃាត់ខ្លួនយុវជនទាំងពីនាក់ខាងលើនេះធ្វើឡើងកាលពីម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវហ្គ្រេនភ្នំពេញ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប៉ូលីសនិយាយថាយុវជនទាំងពីនាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ គឹម វាសនា អាយុ២០ឆ្នាំមុខរបរជាងភ្លើងស្នាក់នៅសង្កាត់បឹងព្រលឹតខណ្ឌ៧មករា។ ជនសង្ស័យទី២ឈ្មោះ ហេង ម៉ាឡា អាយុ២១ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិវិមានទ្រុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។
លោក ញាណ នន នាយប៉ុស្តិ៍នគររដ្ឋបាលសង្កាត់ឃ្មួញបានប្រាប់ថាមុនឃាត់ខ្លួនជនសង្ស័យទាំងពីនាក់ខាងលើគឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញកំពង់ធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានពេលនោះក៍ឃើញ
ជន សង្ស័យខាងលើកំពុងជិះម៉ូតូមួយគ្រឿងម៉ាកSUZUKI nexពណ៌ក្រហមស្លាកលេខភ្នំពេញ1DQ-2921 ឌុបគ្នាដោយមានការសង្ស័យក៍ហៅត្រួតពិនិត្យហើយក៍ឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កូនថង់តូចដែលពួកគេបានរក្សាទុកជាប់ខ្លួន រួចក៍នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីសាកសួរនិងធ្វើតេសទឹកនោមឃើញថាអ្នកទាំង២មានផ្ទុកនូវសារធាតុញៀនថែមទៀតផង។
បច្ចុប្បន្នជនទាំង២នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ឌសែនសុខនិងបន្តនិតិវិធីបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តនៅពេលក្រោយ៕ តុង សីហា