ភ្នំពេញ៖ នៅតាមបណ្តាផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ មានការចរាចរណ៍យ៉ាងមមាញឹក ដោយសារបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរត្រឡប់ពីមកស្រុកកំណើតវិញ បន្ទាប់ពីពួកគាត់ទៅស្រុកកំណើតចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរជាមួយបងប្អូន ឪពុក ម្តាយ រួចមក ។
ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ចូលមករាជធានីភ្នំពេញវិញនេះហើយ បានធ្វើឲ្យបណ្តាផ្លួវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរផងដែរ ប៉ុន្តែរាល់បញ្ហាកកស្ទះទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចសម្រួលចរាចរណ៍បានយ៉ាងរលូន មិនឲ្យមានការកកស្ទះចរាចរណ៍នោះទេ។
ជាក់ស្តែងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ នៅតាមបណ្តោយផ្លូវចំការដូង (ផ្លូវលេខ២១៧) ចំណុចត្រង់ភ្លើងស្តុបស្ពានដែក ព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យសង្កេតឃើញមានការកកស្ទះចរាចរណ៍ផងដែរ ដោយសារតែបងប្អូនប្រជាពលរដ្ឋវិលត្រឡប់មកពីបណ្តាផ្សេងៗ ធ្វើដំណើរតាមរថយន្តតាក់ស៊ី និងតាមមធ្យោបាយផ្សេងៗក្តី សម្រុកចូលមករាជធានីភ្នំពេញ ដើម្បីចូលបំរើការងារជាធម្មតាវិញ ដូច្នេះធ្វើឲ្យតាមបណ្តោយផ្លូវមួយនេះមានការកកស្ទះចរាចរណ៍ផងដែរ ប៉ុន្តែត្រូវបាននគរបាលចរាចរណ៍រាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ សម្រួលចរាចរណ៍ មិនឲ្យមានការកកស្ទះចរាចរណ៍នោះទេ ។ មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញដែលប្រចាំការនៅស្ពានដែកប្រាប់ឲ្យដឹងថា តាមការសង្កេតមើល បងប្អូនក្រុមអ្នកបើកបររថយន្តតាក់ស៊ី ក៏ដូចជាយានយន្តផ្សេងៗ ភាគច្រើន មានការយល់ដឹងខ្ពស់ ចេះគោរពច្បាប់ចរាចរណ៍ ទាំងទៅទាំងមក ដោយមិនសូវមានការដឹកសំពីងសំពោងឥវ៉ាន់ និងមិនសូវមានការផ្ទុកមនុស្សលើដំបូលនោះទេ ដែលបញ្ហាទាំងនេះ គឺអាចបង្ការភាពគ្រោះថ្នាក់ចរាចរណ៍បានច្រើន មិនដូចឆ្នាំមុនៗនោះទេ។
មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញដដែលប្រាប់ឲ្យដឹងថា សម្រាប់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ គឺមានបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីស្រុកកំណើរមានចំនួនច្រើនជាង ថ្ងៃម្សិញ និងថ្ងៃម្សិលម្ងៃ ដូចេះការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាចធ្វើមានការកកស្ទះចរាចរណ៍ខ្លះៗដែរ ប៉ុន្តែត្រូវកម្លាំងរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោ សម្រួលចរាចរណ៍មិនមានការកកស្ទះឡើយ។
ជាមួយគ្នានេះប្រជាពលរដ្ឋម្នាក់មានស្រុកកំណើតនៅខេត្តតាកែវក៏បានប្រាប់ឲ្យដឹងថា តំលៃឡានតាក់ស៊ីភាគច្រើន តែងតែដំឡើងថ្លៃឈ្នួលដដែល បើទោះបីមានសេចក្តីជូនដំណឹងនានា បានអំពាវនាវយ៉ាងទទូចទៅដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ទាំងរថយន្តក្រុង ក៏ដូចជារថយន្តតាក់ស៊ីជាដើម មិនឲ្យដំឡើងថ្លៃ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ ក៏ដោយ ក៏នៅតែមានក្រុមអ្នករថយន្តតាក់ស៊ីទាំងនោះលួចដំឡើងថ្លៃដដែល។
ប្រភពព័ត៌មានខាងលើប្រាប់បន្តឲ្យដឹងថា ចំពោះរូបគាត់ផ្ទាល់ ឧទាហរណ៍ទៅខេត្តតាកែវថ្ងៃធម្មតា ជិះអស់ថ្លៃឈ្នួលតែ ៨ពាន់ ឬ១ម៉ឺនរៀល លុះដល់ថ្ងៃពីធីបុណ្យធំៗ ដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ឬ រដូវចូលឆ្នាំនេះជាដើម គឺគាត់ត្រូវចំណាយលុយថ្លៃឡានតាក់ស៊ីរហូតទៅដល់១៥០០០រៀល ឬ២០០០ម៉ឺនរៀល ទើបអាចទៅលេងស្រុកកំណើតបាន ។
សូមបញ្ជាក់ឲ្យដឹងថា ពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌខែ្មរយើងមាន រយៈពេល ១៥ថ្ងៃ ដែលធម្មតា ចាប់ផ្តើមពីចុង ខែកញ្ញា រហូតដល់ខែ តុលា។ ពិធីបុណ្យនេះបានប្រារព្ធឡើងក្នុងគោលបំណង ដើម្បីឧទ្ទិសចំពោះព្រលឹង ដូនតា ឪពុកម្តាយ រឺសាច់សារលោហិត ដែលបានចែកស្ថានទៅ ហើយនេះជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋខែ្មរឲ្យតម្លៃ និងគោរពប្រតិបត្តិមិនដែលខកខានឡើយ ។ ចំណែកកាលបរិច្ឆេទពិតប្រាកដ គឺពឹងផែ្អកលើប្រតិទិន ចន្ទ័គតិទាំងស្រុង។
នៅក្នុងកំឡុងពេលពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជនខែ្មរ តែងតែនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា តាមចិត្តចង់ ដើម្បីឲ្យព្រះសង្ឃជួយឧទ្ទិសចំពោះវិញ្ញាណក្ខន្តអ្នកដែលបានស្លាប់ ដូចជា ជីដូន ជីតា សាច់ញាតិ មនុស្សជាទីស្រលាញ់ ព្រមទាំងមិត្តភ័ក្តិជាដើម ឲ្យមកទទួលយកចំណីអាហារ ដែលកូនចៅបានធ្វើបុណ្យជូននេះ។ ដោយហេតុដូច្នេះហើយ ទើបនៅតាមទីវត្តអារាមទាំងឡាយ ជិតក្តី ឆ្ងាយក្តី មានសភាព អ៊ូរអរ ទៅដោយមនុស្សម្នាជាច្រើន៕
ដោយ៖ ភារ៉ា ដង្កោ