កណ្ដាល ៖ សំណុំរឿងក្រុមចោរប្លន់យ៉ាងកក្រើក ត្រូវបានសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២ ខែតុលា បញ្ចប់សវនាការរឿងហើយសាលក្រមគ្រោងប្រកាសនៅថ្ងៃទី២០ ខែតុលា ខាងមុខ ។ ក្រុមចោរប្លន់ទាំងនេះ រួមទាំងមេខ្លោងរហស្សនាមក្រៃថោង ត្រូវបានសមត្ថកិច្ចអះអាងថា ធ្លាប់ធ្វើសកម្មភាពប្លន់ជាច្រើនលើកច្រើនសារ និង ប្លន់ឆ្លងខេត្តថែមទៀតផង ។
ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក សូ សារិន ថ្លែងថា សវនាការនេះដឹកនាំដោយលោក សាយ សម្ផស្សសេរី ជាប្រធានក្រុមប្រឹក្សា លោកទី សំណាង លោក អ៊ី សុវណ្ណ ជាចៅក្រមប្រឹក្សា និងលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ។
ប្រភពព័ត៌មានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ហ៊ុល សុធីហៅ ផាន់ គឹមយន់ ហៅក្រៃថោង និង បក្ខពួកជាច្រើននាក់ទៀត ត្រូវបានចោទប្រកាន់ពីបទ”លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា” ប្រព្រឹត្តនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ តាមមាត្រា៣៥៣និង៣៥៧នៃក្រមព្រហ្មទណ្ឌ។
លោករឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្ដាល ធ្លាប់ថ្លែងថាប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ទ្រង់ទ្រាយធំនេះ ក្រោយពីកើតមានករណីប្លន់ប្រដាប់អាវុធ ផ្ទុះផ្ទេរប្រាក់វីង ក្នុងភូមិសាស្ត្រឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ។
ក្រុមចោរប្លន់ទាំងនេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ នៅក្នុងភូមិសាស្ត្រខេត្ដកណ្ដាល ខេត្ដកំពង់ចាម និងរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្ដិការបង្រ្កាបនេះសមត្ថកិច្ច ដកហូត កាំភ្លើងខ្លី ម៉ាកK59 មួយដើមនិងម៉ូតូ៥គ្រឿង ជាមធ្យោបាយប្រព្រឹត្តបទល្មើស៕ចេស្តា