កិច្ចប្រជុំលើកទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សានេះសម្រេចបាន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចប្រជុំលើកទី២របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាទាំងអស់ ជាមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន៧៦រូប។ អង្គប្រជុំបានត្រួតពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបានក្នុងការគាំទ្រកិច្ចអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្នុងនោះរួមមានការពិនិត្យ ផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួន រួមមាន សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (Environment and Natural Resources Code) សេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) និងសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិ។
ថ្លែងក្នុងពិធីបើក លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាស្ថាប័នរៀបចំគោលនយោបាយជាតិ ដែលត្រូវបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃស្ថាប័នអន្តរក្រសួងដែលធ្លាប់មានចំនួន៤ គឺ ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ គណៈកម្មាធិការជាតិជីវសុវត្ថិភាព និងគណៈកម្មាធិការជាតិគ្រប់គ្រងជីវៈចម្រុះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ធានាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌របស់ប្រទេសជាតិ។
លោករដ្ឋមន្រ្តីបាន កត់សម្គាល់អំពីកិច្ចប្រឹងប្រែងនិងសមិទ្ធផលសំខាន់ៗដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននៅក្នុងឆ្នាំ២០១៧ ដូចជា សេដ្ឋកិច្ចបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ ទាក់ទងនឹងរេដបូក នាពេលអនាគត នៅពេលខេត្តមានសមត្ថភាពគ្រប់គ្រាន់ ក្រសួងបរិស្ថានគ្រោងនឹងផ្ទេរថវិកាពីការលក់កាបូននៅខេត្តមណ្ឌលគិរីដល់ខេត្តហើយដៃគូពាក់ព័ន្ធអាចចរចានិងធ្វើដោយផ្ទាល់ជាមួយខេត្តតែម្តង។
អំពីក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.)
ត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៥ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅធានាបាននូវតុល្យភាពរវាង សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធ៌ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក.ជ.អ.ច. មានអគ្គលេខាធិការដ្ឋានមួយសម្រាប់ជាសេនាធិការ និងមានទីស្នាក់ការងារនៅក្រសួងបរិស្ថាន។
អំពីសមាសភាព ក.ជ.អ.ច.
សមាសភាព ក.ជ.អ.ច. មានដូចខាងក្រោម :
– សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស
– រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធាន
– រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាអនុប្រធានទី១ និង
រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអនុប្រធានទី២
– រដ្ឋលេខាធិការនៃក្រសួងស្ថាប័ន ចំនួន២៧ ជាសមាជិក
– អគ្គលេខាធិការ និងអនុប្រធានប្រតិបត្តិនៃស្ថាប័នរដ្ឋ ចំនួន៦ ជាសមាជិក
– អភិបាលរាជធានី ខេត្ត ចំនួន២៥ ជាសមាជិក
– អគ្គលេខាធិការ ក.ជ.អ.ច. ជាសមាជិកអចិន្ត្រៃយ៍
អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច
អគ្គលេខាធិការដ្ឋាន មានតួនាទីនិងភារកិច្ចចាំបាច់ក្នុងការសម្របសម្រួលនិងអនុវត្តការងារប្រចាំថ្ងៃ សម្រាប់គាំទ្រដល់ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព កម្មវិធី និងគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព។ អគ្គលេខាធិការដ្ឋាន មាននាយកដ្ឋានជំនាញ ចំនួន៥ :
– នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
– នាយកដ្ឋានប្រែប្រួលអាកាសធាតុ
– នាយកដ្ឋានសេដ្ឋកិច្ចបៃតង
– នាយកដ្ឋានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
– នាយកដ្ឋានជីវៈចម្រុះ
អំពីកិច្ចប្រជុំលើកទី១
កិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំលើកទី១ រួមមាន ៖
– ការអនុម័តទៅលើរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សា ដោយនឹងត្រូវមានអង្គប្រឹក្សាយោបល់ថ្នាក់ជាតិចំនួនពីរ គឺក្រុមឧត្តមមន្រ្តី និងគណៈកម្មាធិការវាយតម្លៃបរិស្ថានយុទ្ធសាស្រ្ត, និងការបង្កើតក្រុមការងារថ្នាក់រាជធានីខេត្តដែលដឹកនាំដោយអភិបាលនៃគណៈអភិបាលរាជធានីខេត្ត សំដៅធានាបាននូវការចូលរួមយ៉ាងសកម្មពីមន្ទីរពាក់ព័ន្ធជុំវិញខេត្តក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
– បន្ថែមពីលើរចនាសម្ព័ន្ធនេះ ក្រុមការងារបច្ចេកទេសចំនួន៧ នឹងត្រូវបានបង្កើត ដើម្បីសម្របសម្រួល និងគាំទ្រដល់ការរៀបចំ និងអនុវត្តគោលនយោបាយ ច្បាប់ និងក្របខណ្ឌគតិយុត្ដិ លើកកម្ពស់ការស្រាវជ្រាវ អប់រំ និងបណ្តុះបណ្តាល ផ្លាស់ប្តូរបច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងផ្សព្វផ្សាយលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព។ ក្រុមបច្ចេកទេសទាំងនេះ នឹងផ្តោតសំខាន់លើ ៖ ការប្រែប្រួលអាកាសធាតុ, ទីក្រុងនិរន្តរភាព, ថាមពលនិរន្តរភាព, ការប្រើប្រាស់ និងផលិតកម្មនិរន្តរភាព, ជីវៈចម្រុះ ការប្រើប្រាស់និងការបែងចែកផលពីធនធានពន្ធុ និងជីវសុវត្ថិភាព, វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងថាមពលនុយក្លេអ៊ែរ
– ការពិនិត្យនិងពិភាក្សាទៅលើនិមិត្តសញ្ញា និងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
– ការកំណត់សកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០១៦-២០១៨ មានជាអាទិ៍ ការងារទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កិច្ចអភិរក្សជីវៈចម្រុះ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបៃតង ការរៀបចំបញ្ចប់នូវយុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថាន និងក្រមបរិស្ថាន៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print