ភ្នំពេញ៖ តារាចំរៀងផ្នែកអាយ៉ៃលោកតា ផ្លុងមឿក ដែលមានវ័យ៨៤ឆ្នាំនោះត្រូវបានកូនចៅបញ្ជូនចូលមន្ទីរពេទ្យ កាល់ម៉ែត្រ សង្គ្រោះបន្ទាន់ ខណៈដែលលោកកើតជំងឺរលាកសួត និងស្វិតខួរក្បាលធ្វើទុក្ខខ្លាំង។
វ័យជរា រួមទាំងជំងឺរ៉ាំរ៉ៃរួមរិតអស់ជាច្រើនឆ្នាំបានធ្វើឲ្យអ្នកចម្រៀងអាយ៉ៃល្បីឈ្មោះលោកតាផ្លុងមឿក ដេកដួលសម្រាននៅនឹងកន្ទេល។ កាលពីល្ងាចថ្ងៃទី០៣ខែតុលានេះដោយសារជំងឺធ្វើទុកខ្លាំង ក្រុមគ្រួសារបានបញ្ជូលលោកតាទៅសង្គ្រោះបន្ទាន់ផងដែរ។
កូនស្រីលោកតា ផ្លុងមឿក បានប្រាប់ ថាដំបូងគឺគាត់មានអាការៈគ្រុនក្តៅពីរថ្ងៃមិនធូរស្រាល អ្នកស្រីក៏បានយកគាត់មកគ្លីនិកមួយនៅច្បារអំពៅ ហើយពេទ្យថតឃើញគាត់មានជំងឺរលាកសួត និងស្វិតខួរក្បាល ដោសារអាការៈគាត់ធ្ងន់ធ្ងរ គេក៏បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីចូលសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង ហើយពេទ្យគេប្រាប់ថា គាត់ពិតជាមានជំងឺទាំងពីរមុខនេះពិតមែន។អ្នកស្រីថា ដល់ ពេទ្យគេបានដាក់អុកស៊ីហ្សែន ភ្លាមៗផងដែរ ព្រោះដង្ហើមគាត់ដំណើរការខុសប្រក្រតី។ តែនៅព្រឹកថ្ងៃទី០៤តុលានេះគាត់បានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ គឺអាការៈគាត់អាចបើកភ្នែកបានហើយ តែអ្វីដែលគ្រួសារខ្ញុំកំពុងតែជួបបញ្ហាធំ គឺថវិកាតែម្តង ព្រោះគ្រួសារខ្ញុំមិនមានធន់ធានទេ ម្យ៉ាងទៀតពីរខែមុននេះម្តាយទើបតែស្លាប់ ស្រាប់តែប៉ា គាត់ឈឺថែមទៀត ។
កូនស្រីរបស់គាត់ក៍បានបញ្ជាក់ទៀតថា តាមការពិតគ្រាន់តែបានដំណឹងថា លោកតា ផ្លុង មឿក ធ្លាក់ខ្លួនឈឺ កន្លងមក សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌឹត បានចាត់តំណាងអោយមកសួរសុខទុក្ខ និង ពិនិត្យស្ថានភាពជំងឺជាក់ស្តែង ហើយសម្តេចទាំងពីរ ក៏ធ្លាប់បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន មួយម៉ឺនដុល្លារ ដែលបានផ្តល់ជូនកាលពីខែមេសា ឆ្នាំ២០១៣ រួមនិងប្រាក់ ឧបត្ថម្ភជាប្រចាំខែចំនួន៥០ម៉ឹនរៀលក្នុងមួយខែ ដែលចាប់បើកតាំងពីខែឧសភា ឆ្នាំ២០១៣មក ហើយប្រាក់ឧបត្ថម្ភនេះ កូនរបស់គាត់ក៍បានទៅបើកជាប្រចាំ ដែលសរុបមកដល់ពេលនេះ គឺមានចំនួនជាង៥០ខែរួចមកហើយ។លោកតា ផ្លុង មឿក ក៏នៅទទួលបានប្រាក់ចូលនិវត្តន៍ចំនួន៣៦ម៉ឺនរៀល ពីក្រសួងវប្បធម៏ និងវិចិត្រសិល្ប:ផងដែរ ។
គួររំលឹកថា លោកតា ផ្លុង មឿក មានវ័យ៨៣ឆ្នាំរូបនេះជាអ្នកអាយ៉ៃជើងចាស់ក្នុងទស្សវត្ស៧០-៨០ ហើយអ្វីដែលលោកតាសម្តែងល្បីជាងគេជាមួយលោកតា សា ឡាត់ អ្នកចម្រៀងអាយ៉ៃជើងចាស់ដូចគ្នាដែរ នោះគឺរឿងកំប្លែងរឿង «តាភោគ» ធ្វើឲ្យអ្នកទស្សនាសើចសប្បាយស្ទើរចុកពោះ។ លោកតាក៏ជាអតីតអ្នកបង្ហាត់បង្រៀនសិល្បៈអាយ៉ៃនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ផងដែរ៕
ដោយ៖ វឌ្ឍនា