ភ្នំពេញ៖មន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើខុសនីតិវិធី ក្នុងការឃាត់ខ្លួនស្ត្រីម្នាក់ជាពាណិជ្ជករ ពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាង៤លានដុល្លារអាមេរិក ធ្វើឱ្យសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចមោឃភាពនីតិវិធីនៃការឃាត់ខ្លួននេះចោលវិញ ។
ប្រភពព័ត៌មាន បញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧លោក ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចមោឃភាពនីតិវិធីនៃការឃាត់ខ្លួននិងកំណត់ហេតុនៃការឃាត់ខ្លួន ស្ត្រីឈ្មោះ គឹម ចាន់ស្នូរ ដែលពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាង៤លានដុល្លារអាមេរិក ។
ប្រភពដដែល អះអាងថា មូលហេតុនៃការសម្រេចមោឃភាពនេះ គឺ ដោយសារតែដើមបណ្តឹងជាអ្នកឃាត់ខ្លួនស្ត្រីឈ្មោះគឹម ចាន់ស្នូរ ប្រគល់ជូនសមត្ថកិច្ចទាំងដែលពុំមែនជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ឡើយ ។ ទោះបីយ៉ាងណា បច្ចុប្បន្នស្ត្រីរូបនេះកំពុងឃុំក្នុងក្នុងពន្ធនាគារដដែល រង់ចាំចំណាត់ការបន្តរបស់លោក ចៅក្រម ចៅពេជ្រ វិជ្ជាធរ ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ស្ត្រីជាពាណិជ្ជករម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចេញសែកគ្មានទឹកប្រាក់ ចំនួនជាង៤លានដុល្លារអាមេរិក បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ដើម្បីចាត់ការតាមច្បាប់។ ក្រោយការសាកសួរ នៅថ្ងៃទី០៤ ខែសីហា លោកពេជ្រ វិជ្ជាធរចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ។
ស្ត្រីរូបនេះឈ្មោះ គឹម ចាន់ស្នូរ អាយុ៣១ឆ្នាំ បានត្រូវលោក ឯក សំណាង តំណាងក្រុមហ៊ុនអ៊ែតវូត នាំមកប្រគល់ឱ្យសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដើម្បីធ្វើការសាកសួរករណីចេញសែកស្អុយចំនួនជាង៤លានដុល្លារអាមេរិក។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីរូបនេះបានទិញដែកពីក្រុមហ៊ុនអ៊ែតវូតជាបន្តបន្ទាប់ មានតម្លៃរហូតដល់ជាង៤លានដុល្លារ ហើយពុំបានទូទាត់សងតាមការកំណត់ ទើបខាងក្រុមហ៊ុន តម្រូវអោយស្ត្រីរូបនេះចេញសែកយកទៅទូទាត់ជំនួសប្រាក់សុទ្ធវិញ។ ប៉ុន្តែពេលយកសែកទៅបើកទើបដឹងថា សែកនេះគ្មានទឹកប្រាក់ទេ។
ប្រភពដដែលបន្តថា ចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន ស្ត្រីរូបនេះបានបដិសេធ ចោល ដោយនិយាយថា នាងបានខ្ចីប្រាក់ក្រុមហ៊ុនដើម្បីយកទៅរកស៊ីដោយឱ្យការប្រាក់ក្នុងមួយ ខែជាង៥ម៉ឺនដុល្លារ។ ក្រោយមកខាងក្រុមហ៊ុនបានតម្រូវឱ្យនាងចេញសែកទុកជាការ ធានាបំណុលនេះ ទើបនាងយល់ព្រមចេញឱ្យពោលគឺបានន័យថា ពុំមែនសែកយកទៅសម្រាប់ បើកប្រាក់ទេ គឺជាសែកសម្រាប់ដាក់ធានាប៉ុណ្ណោះ៕
ដោយ៖ ចេស្តា