អាមេរិកបង្កើនការផ្តល់សព្វាវុធទៅឲ្យក្រុមបះបោរស៊ីរី​ខ្លាចរុស្ស៊ីវាយប្រហារ

ចែករំលែក៖

មន្ត្រីអាមេរិកកាលពីថ្ងៃទី​១៥ខែតុលាបានឲ្យដឹងថា កម្លាំងទាហានអាមេរិកបានសម្រេចបង្កើនការផ្តល់សព្វាវុធទៅឲ្យក្រុមបះបោរស៊ីរីដើម្បីប្រឆាំងទៅនឹងក្រុមអិស្លាមបង្កើតរដ្ឋ។ ប៉ុន្តែ​ក្រុមអ្នកឯកទេសរបស់រុស្ស៊ីបានបញ្ចាក់ថា​ការផ្តល់សព្វាវុធរបស់អាមេរិកគឺដើម្បីទប់ទល់នឹងរុស្ស៊ី ព្រមទាំងរដ្ឋាភិបាលលោកអាលអាសាដទៅវិញ។

តាមមន្ត្រីមន្ទីរបញ្ចុកោណអាមេរិកបញ្ចាក់ថា អាមេរិកនឹងផ្តល់សព្វាវុធទៅឲ្យក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី។ មន្ត្រីអាមេរិកបានបញ្ចាក់ថា«យើងនឹងផ្តល់សព្វាវុធជាច្រើនទៅឲ្យក្រុមប្រឆាំង​រដ្ឋាភិបាលស៊ីរីដើម្បីវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ»។ មន្ត្រីអាមេរិកបញ្ចាក់ទៀតថា​ការផ្តល់នោះសមស្របទៅនឹងអ្វីដែលពិភពលោកកំពុងតែធ្វើ ពិសេសគឺរុស្ស៊ីុជួយរដ្ឋាភិបាលស៊ីរីវាយប្រហារក្រុម​ISដូច្នេះអាមេរិកក៏ត្រូវជួយក្រុមប្រឆាំងវាយប្រហារក្រុម​ ISនោះដែរ។

កាលពីថ្ងៃទី​១១ខែតុលា​សម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិកបានទម្លាក់គ្រាប់ជាង​៥០តោនទៅឲ្យក្រុមប្រឆាំងស៊ីរីសម្រាប់វាយប្រហារទៅលើក្រុមIS។ 

ប៉ុន្តែសកម្មភាពរបស់អាមេរិកនាពេលនេះត្រូវបានក្រុមអ្នកប្រឆាំងអាមេរិកមន្ទិលសង្ស័យថា អាមេរិកកំពុងតែផ្តល់សព្វាវុធទៅឲ្យក្រុមអិស្លាមបង្កើតរដ្ឋដោយប្រយោល ដោយប្រើប្រាស់ក្រុម​ប្រឆាំងសីរីជាគោលដៅនៃការផ្តល់ជំនួយ។ ការផ្តល់សព្វាវុធខាងលើនោះប្រាកដជាធ្លាក់ចូលក្នុងដៃក្រុមអិស្លាមបង្កើតរដ្ឋជាមិនខាន​ ក្នុងពេលដែលក្រុមនេះកំពុងបរាជ័យជាបន្តបន្ទាប់ក្រោមការវាយប្រហារពីដែនអាកាសរបស់រុស្ស៊ីក៏ដូចជាការវាយប្រហារតាមដីគោកពីកម្លាំងទាហានរដ្ឋាភិបាលស៊ីរី។

កន្លងមក ​ទីក្រុង​មូ​ស្គូ​បាន​ស្នើ​ឲ្យអា​មេ​រិ​ក​​បញ្ចប់​ការ​និទានរឿង​ព្រេងពី​កាំជ្រួច​មី​ស៊ីុល ​របស់​រុ​ស្ស៊ី​ទៀត​ទៅ​ ដោយ​និយាយ​ពី​មូលហេតុ​ ថា​តើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​មាន​រថយន្ត​តូ​យ៉ូ​តា​ជា​ច្រើន​ ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​នោះវិញ? ​

​លោកស្រី​ Zakharova​ បញ្ជា​ក់ថា​ «​ ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​វិភាគ​តែ​កាំជ្រួច​មី​ស៊ី​ុល​រុ​ស្សីុ​ធ្លាក់​ ម្តេច​មិន​លើក​ឡើង​ថា​ហេតុ​អ្វី​បានជា​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​មាន​ រថយន្ត​ម៉ាក​តូ​យ៉ូតា​ជា​ច្រើន​ប្រើប្រាស់​។​ ដូច្នេះ​សូម​កុំចេះ​តែ​និយាយ​កាំជ្រួច​មី​ស៊ីុ​ល​រុ​ស្ស៊ី​​ គួរតែ​និយាយ​អំពី​រថយន្ត​ដែល​ក្រុម​អិ​ស្លា​ម​ប្រើប្រាស់​វិញ​»​។​

លោកស្រី​បន្ត​ទៀត​ថា​ រថយន្ត​តូ​យ៉ូ​តា​ត្រូវ​បាន​អា​មេ​រិ​ក​ និង​អង់គ្លេស​បញ្ជូ​ន​ទៅ​កាន់​ស៊ី​រី​នា​ពេល​កន្លង​មក​ ពេល​នេះ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​កំ​ពុងប្រើប្រាស់​។​

​កន្លង​មក​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​បាន​បញ្ជា​ក់ថា​ ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ទទួល​បាន​ផលិតផល​មួយ​ចំនួន​ធំ​ពី​ក្រុមហ៊ុន​តូ ​យ៉ូ​តា​ ។​ តាម​ក្រុមហ៊ុន​តូ​យ៉ូតា​របស់​ជប៉ុន​បាន​បញ្ជា​ក់ថា​ ក្រុមហ៊ុន​នេះ​មិន​ដែល​បាន​លក់​រថយន្ត​របស់​ខ្លួន​សម្រាប់​បម្រើ​ក្នុង​ វិស័យ​យោធា ​ឬ​សកម្មភាព​វាយប្រហារ​ភេរវកម្ម​នោះ​ឡើយ​។​

​នៅ​ពេល​នេះ​ដែរ​ ក្រុមប្រឆាំង​ភេរវកម្ម​មក​ពី​ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ ក៏​បាន​បើក​ការ​ស្រាវ​ជ្រាវ​ពី​បញ្ហា​ខាងលើ​ថា តើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​មាន​រថយន្ត​ប្រភេទ​នេះ​មកពីណា​?​ ភាគី​ណាមួយ​ជា​អ្នក​ផ្តល់​ឲ្យ​។

កងកម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​បាន​បើក​ការ​វាយប្រហារ​ផ្ទាល់​ដី​កាលពី​វេលា​ព្រឹក​ ចូល​ទៅ​កាន់​ទីតាំង​ប្រជុំជន​របស់​ក្រុម​ឧទ្ទាម​ ស្ថិត​នៅ​ទី​ជនបទ​ខេត្ត​ហា​ម៉ា​(Hama)​ ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ដែនអាកាស​កងទ័ព​ប្រទេស​រុ​ស្ស៊ី​ ។​

​ការ​វាយប្រហារ​ដើម្បី​ដណ្តើម​គ្រប់គ្រង​ទីតាំង​ខាងលើ​នេះ​ធ្វើ​ឡើងជា​លើក​ដំបូង​របស់​កងទ័ព​កម្លាំង​ទាហាន​ផ្ទាល់​ដី​ ប្រទេស​ស៊ី​រី​ ក្រោម​ការ​ជួយ​គាំពារ​ពី​ដែនអាកាស​ដោយ​កងកម្លាំង​ទាហាន​ប្រទេស​រុ​ស្ស៊ី​ ។​ កងកម្លាំង​យោធា​ស៊ី​រី​បាន​សម្តែង​ការ​សង្ឃឹមទុក​ថា​ ដោយ​មាន​ជំនួយ​ពីលើ​ដែនអា​កាស​ពី​កងកម្លាំង​ទាហាន​រុ​ស្ស៊ី​ ពួក​ខ្លួន​អាច​នឹង​រំដោះ​បាន​ដែន​ពី​តំបន់​ ហា​មា​ និង​នៅ​ភាគ​កណ្តាល​ខេត្ត​ Homs​ ពី​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម​ជាក់​ជា​ពុំខាន​ ។​ ប្រតិបត្តិការ​សឹកសង្គ្រាម​នេះ​ផង​ដែរ​ត្រូវ​គេ​រំពឹង​ថា​ កងកម្លាំង​ស៊ី​រីនឹង​រំដោះ​បាន​ទឹកដី​ភាគច្រើន​មក​វិញ​ ពិសេស​នៅ​តាម​ទី​ជនបទ​ខេត្ត​ ហា​មា​ ភាគ​ពាយព្យ​តំបន់​ Idlib​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ពី​ក្រុម​ Jaish​ al-Fateh​ នោះ​ ។​

​យន្តហោះ​ចម្បាំង​ប្រទេស​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ វាយប្រហារ​ពីលើ​ដែនអាកាស​កាលពី​ថ្ងៃ​ពុធ​ ប្រឆាំង​ទៅ​លើ​ទីតាំង​ក្រុមប្រឆាំង​ដែល​គ្រប់គ្រង​តំបន់​ភាគច្រើន​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​នោះ​ ។​ នេះ​ជា​សកម្មភាព​លើក​ដំបូង​របស់​កម្លាំង​ទាហាន​រុ​ស្ស៊ី​ពាក់ព័ន្ធ​សង្គ្រាម ​ប្រឆាំង​ក្រុម​ភេរវកម្ម​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ ។​

​ទីភ្នាក់ងារ​ស៊ី​រី​ SANA​ បាន​ផ្សព្វផ្សាយ​ថា​ ប្រ​តិ​ប​តិ្ត​ការ​ពីលើ​ដែនអាកាស​របស់​យន្តហោះ​ចម្បាំង​ប្រទេស​រុ​ស្ស៊ី​នេះ ​កើតឡើង​បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​លោក​ប្រធានាធិបតី​ស៊ី​រី​ បា​សា​ អាល់​អាសា​ដ​ ។​ ទីក្រុង​មូ​ស្គូ​បាន​ប្តេជ្ញា​បន្ត​គាំទ្រ​ និង​ផ្តល់​ជំនួយ​ដល់​ស៊ី​រី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​ក្រុម​ភេរវកម្ម​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ សកម្មភាព​របស់​កម្លាំងយោធា​រុ​ស្ស៊ី​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​ណា​តូ​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ និង​បាន​ស្នើ​ឲ្យ​ទាហាន​រុ​ស្ស៊ី​បញ្ឈប់​ប្រតិបត្តិការ​តាម​ដែនអាកាស​ ប្រឆាំង​ទៅ​លើ​ក្រុមប្រឆាំង​ ដោយសារ​ថា​ វា​បាន​រង​គ្រោះ​ទៅ​ដល់​ជន​ស្លូត​ង្រ​ង់​ និង​រំលោភ​ចូល​ដែនអាកាស​ប្រទេស​ទួ​រ​គី​ ។​

​អង្គការ​ណា​តូ​ កាលពី​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ បាន​អំពាវនាវ​ឲ្យ​រុ​ស្ស៊ី​បញ្ឈប់​សកម្មភាព​វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​ ក្រុមប្រឆាំង​ និង​ពលរដ្ឋ​ស៊ី​រី​ និង​បាន​អះអាង​ថា​ ការ​ហោះហើរ​របស់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ដែល​រំលោភ​ទៅ​លើ​ដែនអាកាស​ប្រទេស ​ទួ​រ​គី​នោះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​ខ្លាំង​ឡើង​ថែម​ទៀត​ ។​

​ប្រទេស​ទួ​រ​គី​បាន​ព្រមាន​ទីក្រុង​មូ​ស្គូ​ផង​ដែរ​ថា​ ខ្លួន​នឹង​អស់​ការ​អត់ធ្មត់​ប្រសិនបើ​យន្តហោះ​ចម្បាំង​ F-16​ របស់​កម្លាំង​ទាហាន​រុ​ស្ស៊ី​រំលោភ​ចូល​ដែនអាកាស​ទួ​រ​គី​ជា​ថ្មី​ម្តងទៀត​ ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ស៊ី​រី​នោះ​ ។​ប្រភព​ព័ត៌មាន​ពី​យោធា​ទួ​រ​គី​បាន​អះអាង​ថា​ យន្តហោះ​ចម្បាំង​របស់​ខ្លួន​២​គ្រឿង​ទទួល​រង​ការ​រំខាន​ដោយ​យន្តហោះ​ចម្បាំង ​ប្រភេទ​ MIG-29​ ដែល​ជា​យន្ត​ហោះ​មិនដឹង​ថា​មក​ពី​ខាង​ណា​នោះ​ឡើយ​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ស៊ី​រី​នោះ​ ។​

​ទួ​រ​គី​ជា​ប្រទេស​ដែល​បញ្ជូន​កម្លាំងយោធា​ច្រើន​ជាងគេ​លំដាប់​លេខ​២​បន្ទាប់​ពី​អា​មេ​រិ​ក​ឲ្យ​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​អង្គការ​ណា​តូ​ ។​ នាយក​រដ្ឋមន្ត្រី​ទួ​រ​គី​ លោក​ Ahmet​ Davutoglu​ បាន​ថ្លែង​ថា​ «​កងកម្លាំង​អនុវត្ត​ច្បាប់​របស់​យើង​ដឹង​យ៉ាង​ច្បាស់​ណាស់​ នរណា​ដែល​រំលោភ​ចូល​ដែនអាកាស​របស់​យើង​នោះ​»​៕ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print