ភ្នំពេញ ៖ បុរសម្នាក់ជិះ១គ្រឿងបោះពួយយ៉ាងលឿនធ្លាក់ចូលលូដែលនៅចំកណ្តាលផ្លូវហើយពុំមានគម្របត្រឹមត្រូវបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៣B ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលីសនិយាយថា៖ ជនរងគ្រោះមានឈ្មោះ ឃឿន សុភ័ក្រ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរជាងសំណង់ មានស្រុកកំណើតជុំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ជិះម៉ូតូម៉ាក ស៊ុយសុីគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ ១D២០៣៧ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរងគ្រោះជិះម៉ូតូ១គ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ១៣B ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវទើបនិងធ្វើហើយមានស្ថានភាពងងឹត ហើយមានមាត់លូទំហំប្រហែលមួយម៉ែត្រកន្លះបួនជ្រុងនៅចំកណ្តាលផ្លូវ និងពុំមានគម្របគ្របបិតឬស្លាកសញ្ញាសំគាល់អ្វីនោះទើប បណ្តាលអោយជនរងគ្រោះចាប់ហ្វាំងមិនទាន់ក៍ធ្លាក់ចូលក្នុងលូទាំងម៉ូតូនិងអ្នកបើកបរ។ ភ្លាមនោះក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាចុះស្របុរសរងគ្រោះនិងម៉ូតូយកមកខាងលើ តែជាអកុសលខណះពេលដែលប្រជាពល រដ្ឋយកមកដល់ខាងលើបុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បើតាមសម្តីបញ្ជាក់ពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថាកំណាតផ្លូវខាងលើនោះគឺបានធ្វើជិតកន្លះខែមកហើយ តែមិនឃើញមានមន្ត្រីរូបណាចុះមកត្រួតពិនិត្យធ្វើគម្របលូបិតអោយបានត្រឹមត្រូវនោះទេ ទើបបង្កអោយមានដូចករណីខាងលើ។
ក្រោយពេលកើតហេតុម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលសែនសុខរងចាំសាច់មកទទួលយកត្រលប់ទៅវិញនៅពេលក្រោយ ដោយឡែកសពបុរសរងគ្រោះត្រូវបានរថយន្តដឹកដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត ។
ក្នុងក្តីសោកសង្រេងនេះ ខាងរដ្ឋបាលខណ្ឌសែនសុខ សូមទទួលជួយរ៉ាប់រងថ្លៃដឹកជញ្ជូនសព និងចូលបុណ្យក្រុមគ្រួសារចំនួន៥០ម៉ឺនរៀល ៕ ដោយ៖ តុង សីហា