លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ត្រូវតែបន្តយកចិត្តទុកដាក់តាមដាន និងធ្វើការបង្វែរទឹកឱ្យបានទាន់ពេលវេលា បើទោះបីជាពេលនេះ ជំនន់ទឹកភ្លៀងនៅក្នុងស្រុកម៉ាឡៃ ក៏ដូចជានៅក្រុងប៉ោយប៉ែត បានស្រកផុតទៅហើយក្តី ប៉ុន្តែភ្លៀងអាចនឹងនៅតែបន្តធ្លាក់ ។

ទន្ទឹមនេះ សម្រាប់ខេត្តបន្ទាយមានជ័យ ក៏នឹងទទួលរបបទឹកជំនន់បន្ថែមមួយចំនួនទៀតមកពីប្រទេសថៃ ដូចនេះក្រុមការងារ ត្រូវតែបើកទ្វារទឹកអាងអូរខៃដន ដើម្បីរំដោះទឹកចេញពីក្នុងអាងឱ្យធ្លាក់ទៅកាន់ស្ទឹងសិរីសោភ័ណឱ្យបានឆាប់​ ។

ដោយឡែក ទឹកដែលធ្លាក់មកពីប្រទេសថៃមួយផ្នែកទៀត គឺតាមរយៈច្រកអូរបីជាន់ ក៏ត្រូវតែយកចិត្តទុកដាក់តាមដានផងដែរ និងមានវិធានការបង្វែរទឹកឱ្យធ្លាក់ទៅកាន់ស្ទឹងសិរីសោភ័ណឱ្យបានឆាប់រហ័សដូចគ្នា ។ ចំពោះមួយផ្នែកទៀត ទឹកដែលធ្លាក់តាមច្រកអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក លោករដ្ឋមន្ត្រី ក៏ស្នើឱ្យក្រុមការងារ ទាំងថ្នាក់ក្រសួង និងថ្នាក់ខេត្ត ត្រូវសហការគ្នាបង្វែរទឹកនេះ ឱ្យចូលទៅកាន់អាងត្រពាំងថ្ម ។

...

ការបង្វែរនេះ គឺដើម្បីកាត់បន្ថយស្ថានភាពជំនន់ដែលធ្លាក់មកពីប្រទេសថៃផង និងយកទៅរក្សាទុកបម្រើឱ្យការងារបង្កបង្កើនផលជូនបងប្អូនប្រជាកសិករនាពេលខាងមុខផង ៕ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print