ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសចំនួន ៣នាក់ បានរងរបួសស្ទើរស្លាប់ស្ទើររស់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ និងជិះម៉ូតូដួលបោកក្បាលខ្លួនឯង នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៧ និង០០នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៨-១៥៩ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា មុនដំគេឃើញម៉ូតូ ១គ្រឿងម៉ាក គុបចង្គៀងជ្រុង សេ ៩០ ពណ៏ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1C 6319 បើកបរដោយឈ្មោះ ឃុន រ៉ាវី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់(ធ្នង់) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានរេចង្កូតបុកម៉ូតូ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1T 2043 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ(ធ្នង់) ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងម៉ូតូទាំងពីគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ។
ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងដែរថា នៅរសៀលថ្ងៃទី០៨ ខែតុលាដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចវាលនិន្ទា ស្ថិតក្នុងភូមិព្រែក ២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកដែរ បង្កឡើងដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងមុិចស្រាប់តែដួលបោកក្បាលខ្លួនឯងផ្ទប់ទៅផ្លូវសន្លប់ស្តូកស្តឹងយ៉ាងរន្ធត់ ជនរងរបួសពុំទាន់ស្គាល់អត្តសញ្ញណនៅឡើយទេ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ចំណែកវត្ថុតាងម៉ូតូជនរងរបួសរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋសំរោងជាបណ្ណោះអាសន្ន។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដដែលខាងលើបន្តទៀតថា ករណីនេះសូមអំពាវនាវដល់សាច់ញាតិឬមិត្តភ័ក្រណាដែលបានស្គាល់គាត់ ហើយបើបានបាត់សមាជិករបស់ខ្លួនក្នុងគ្រូសារ ដូចមានភិនភាគនៅក្នុងរូបភាពខាងលើសូមទាក់ទងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕ បឹុម ពិន