ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន ៥,៨០៨នាក់ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះសម្តេចតេជោហ៊ុន សែន បានថ្លែងនូវការកោតសរសើរ និងអបអរសាទរដល់ជ័យលាភីទាំងអស់និងបានកោតសរសើរអំពីនិរន្តរភាព និងការរីកធំធាត់នៃសាកលវិទ្យាល័យ CUS។ សម្តេច ក៏បានកោតសរសើរដល់ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យដែលបានយកចិត្តទុកដាក់ខិតខំបណ្តុះបណ្តាលនិស្សិត រហូតបានបញ្ចប់ការសិក្សា ដែលក្នុងនោះគឺមានចំនួន ៨៩% មានការងារធ្វើ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងនិស្សិតជ័យលាភីទាំងអស់ដែលទទួលបានជោគជ័យក្នុងថ្ងៃនេះ បន្ទាប់មកលោក បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់តំណាងនិស្សិតទាំងអស់នៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕