ខេត្តកណ្តាល ៖ ស្ត្រីសង្ស័យ៣នាក់ដែលធ្វើសកម្មភាពចែកចាយថ្នាំញៀន នៅចំណុចវត្តព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍កំពង់កុង សហការជាមួយកម្លាំងនគរបាលស្រុក កោះធំ និងនគរបាលប៉ុស្ដិ៍លើកដែកធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ។
នគរបាលស្រុកកោះធំបានឲ្យដឹងថា ស្ត្រីសង្ស័យទាំង៣នាក់ ១-ឈ្មោះ នេត មុំ ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែក ឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ , ២-ឈ្មោះ សោ សារ៉ន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ , ៣-ឈ្មោះ សោ ផារី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឬស្សី ឃុំកំពង់ កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងចាប់យកវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ២៩កញ្ចប់តូច,ទូរស័ព្ទចល័តចំនួន៥ គ្រឿង ម៉ាកIphone ២គ្រឿង និង អិនចុចពិល៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា ស៊ីរូស ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខនគរ បាល1-6789 រួមជាមួយសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងប្រាក់រៀលចំនួន១១.០០០រៀល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយទទួលសេចក្តីរាយការណ៍ពីពលរដ្ឋអំពីសកម្មភាពជួញដូរ ថ្នាំញៀនរបស់ស្ត្រីសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍កំពង់កុង សហការជាមួយកម្លាំងនគរ បាលស្រុកកោះធំ និងនគរបាលប៉ុស្ដិ៍លើកដែក ចុះឃាត់មុខសញ្ញាសង្ស័យបាន២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាកយ៉ាម៉ាហា ១-ឈ្មោះ សោ សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ និង២-ឈ្មោះ សោ ផារី ភេទស្រី អាយុ២១ឆ្នាំ បន្ទាប់មកកម្លាំងបាន រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ តូចនៅជាប់ខ្លួន និងប្រាក់រៀលចំនួន១១.០០០រៀល ។
សមត្ថកិច្ចបន្តថា តាមចម្លើយសារភាពស្ត្រីសង្ស័យទាំង២នាក់បានឲ្យដឹងថា ថ្នាំញៀន១កញ្ចប់ តូចនេះ គឺជារបស់ម្ដាយខ្លួន ឈ្មោះ នេត មុំ បានប្រើឲ្យយកទៅលក់ ។ លុះដល់ម៉ោង១២ និង ២៦នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កម្លាំងចុះឆែកឆេរលំនៅឋានរបស់ឈ្មោះ នេត មុំ រក ឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២៨កញ្ចប់តូចបន្ថែមទៀត និងទូរស័ព្ទចល័ត ៥គ្រឿង រួមជាមួយសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន ។
តាមចម្លើយស្ត្រីឈ្មោះ នេត មុំ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន២៩កញ្ចប់តូច ខាងលើ នេះ ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញមកពីឈ្មោះ ស្រេង ភេទប្រុស រស់នៅរាជ ធានីភ្នំពេញ ដើម្បីយកលក់បន្ត ។
បច្ចុប្បន្នស្ត្រីសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរ បាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស្អាងជ័យ