ខេត្តសៀមរាប ៖ បទល្មើសនេសាទប្រភេទឆ្នុកកំពុងកើតមានក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មិនមានសមត្ថកិច្ចជំនាញណាម្នាក់ចេញមុខបង្ក្រាបទេ ធ្វើអោយប្រជាពលរដ្នដាក់ការសង្ស័យថា មន្រ្ដីជំនាញដែលពាក់ព័ន្ធនៅតំបន់នោះប្រហែលជាត្រូវថ្នាំបន្ទន់ឆ្អឹង ដើរលេងរួចទៅហើយ ដូច្នេះត្រូវការអោយអ្នកសារពត័មានចុះផ្សាយទើបអាចផ្ដល់ដំណឹងដល់ថ្នាក់ដឹកនាំបាន។
តាមការអះអាងរបស់ប្រជានេសាទ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០១៧នេះថា បទល្មើសនេសាទប្រភេទឆ្នុកនេះ កំពុងធ្វើឲ្យត្រីហិនហោចផុតពូជនៅក្នុងបឹងទន្លេសាបដោយសារតែប្រើប្រាស់ឧបករណ៍នេសាទបែបទំនើបនេះ កុំថាឡើយត្រីដូនត្រីតា ទួតលួតលាត្រីក៏គិចមិនរួចពីឧបករណ៍នេះឡើយ ព្រោះគេដាក់ម៉ងក្រឡាញឹកនិងភ្លើងអំពូល ដើម្បីឲ្យសត្វល្អិតធ្លាក់មកត្រីនិងចោមរោមស៊ីហើយក៏ចូលក្នុងសាច់ម៉ងយ៉ាងស្រួលនិងមានទាំងប្រដាប់ឆក់ត្រីថែមទៀតផង។
តាមប្រភពពីប្រជានេសាទបានអោយដឹងថាមន្រ្ដីជំនាញរដ្ឋបាលជលផលខេត្តសៀមរាបនិង ជាពិសេសមន្ត្រីរដ្ឋបាលជលផលស្រុកជីក្រែងនិងស្រុកសូទ្រនិគមបានទទួលលាបសក្ការះពីក្រុមដាក់បទល្មើស យ៉ាងផ្អែមមាត់ផ្អែមករ ដោយសារមានមេខ្យល់ ដើរអ្នកប្រមូលលុយពីក្រុមជនល្មើស ប្រើឧបករណ៍ខុសច្បាប់បែបនេះហើយ ទើបបទល្មើសនេសាទប្រើឧបករណ៍ ឆ្នុក នៅស្រុកជីក្រែង ខេត្តសៀមរាប កាន់តែខ្លាំងឡើងៗដូចទឹកបាក់ទំនប់ យ៉ាងដូច្នេះ។
ទាក់ទិនករណីនេះដែរលោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរមិនអាចទាក់ទងសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី១០ខែតុលានេះដោយសារហៅទូរស័ព្ទមិនចូលគឺនៅក្រៅតំបន់សេវា។
ជុំវិញករណីខាងលើនោះដែរ លោកព្រិន្ទ សាវិន នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបក៏មិនអាចសុំការបំភ្លឺបានដែរនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៧នេះ ដោយសារហៅទូរស័ព្ទចូល តែគ្មានអ្នកលើក។
ទោះជាយ៉ាងនេះក្តីគេទន្ទឹងរង់ចាំមើលថាតើលោកទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបមានវិធានការយ៉ាងមិចចំពោះបទល្មើសទាំងនេះ កន្លងមក សមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ព្រមទាំងកាប់បំផ្លាញ និង ដុតកំទេចចោល ដើម្បីយកស្នាដៃ និងជាល្បិចប្រើសំរាប់ គៀងត្រីបញ្ចូនសូងតែប៉ុណ្ណោះ ៕ប៊ុនរិទ្ធី












