ខេត្តកណ្តាល ៖ រថយន្តហ៊ីយ៉ាន់ដាយខណៈម្ចាស់ចតមិនបានដាក់ភ្លើងសញ្ញាសម្គាល់ បានបង្កគ្រោះថ្នាក់ឲ្យបុរសម្នាក់រួមដំណើរដោយម៉ូតូបុកចំពីក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិសាស្ត្រភូមិឃ្លាំងស្បែក ឃុំ កំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លាស់ ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិប្រក់ក្តារ ឃុំវិហារ ហ្លួង ស្រុកពញាឮ ខេត្តកណា្តល រួមដំណើរដោយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR-30-32 ។
សមត្ថកិច្ចបន្តថា ថ្ងៃកើតហេតុជនរងគ្រោះធ្វើដំណើរដោយម៉ូតូ១គ្រឿងលើចំណុចផ្លូវកើតហេតុខាងលើ ក្នុងទិស ដៅពីជើងទៅត្បូង ។ លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយរថយន្តផ្នែកខាងឆ្វេង ដែលចត ឈប់នៅស្របទិស បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខព្រះសីហនុ 3A-0840 អ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ ។
តាមការពិនិត្យនិងវាស់វែងពីសមត្ថកិច្ចជំនាញស្រុកពញាឮបានសន្និដ្ឋានថា មូលហេតុគឺផ្តើមឡើងដោយសារ ម្ចាស់រថយន្តឈប់មិនបានដាក់ភ្លើងសញ្ញាសម្គាល់ ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើងយ៉ាងដូច្នេះ ។
បច្ចុប្បន្ន មធ្យោបាយពាក់ព័ន្ធយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនិតិវិធី ៕ ស្អាងជ័យ














