ខេត្តស្វាយរៀង ៖ មន្រ្តីក្រុមការងារ លេខាធិការដ្ឋាននគបាលយុត្តិធម៌នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានចុះបិទ បន្ទប់សេវាថែទាំអ្នកជំងឺយីហោសុខ សុវណ្ណារ៉ា ដោយមិនអនុវត្តន៍តាមច្បាប់ អនុញ្ញាតិ ។
ការចុះបិទបន្ទប់សេវាថែទាំអ្នកជំងឺនេះធើ្វឡើងនៅវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅបន្ទប់សេវាថែទាំជំងឺយីហោ សុខសុវណ្ណារ៉ា ស្ថិតនៅភូមិពោន ឃុំសង្កែ ស្រុករំដួល ។
បើតាមលោកវេជ្ជបណ្ឌិតហែម បេលណាលី មន្ត្រីនគបាលយុត្តិធម៌នៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ក្រុមការងារ លេខាធិការដ្ឋាននគបាលយុត្តិធម៌នៃមន្ទីរសុខាភិបាលខេត្តបានចុះត្រួតពិនិត្យនិង ដកហូតលិខិតអនុញ្ញាតិច្បាប់បន្ទប់សេវាថែទាំអ្នកជំងឺឈ្មោះ ញឹម ចាន់រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិពោន គឺក្រុមការងារពិនិត្យឃើញលោក ញឹម ចាន់រ៉ា មានបរិញ្ញាបត្ររង ជាបរិញ្ញាបត្ររង គិលានុបដ្ឋាក ហើយបានធ្វើសកម្មភាពអនុវត្តន៍ហួសពីកម្រិតបច្ចេកទេសដែលច្បាប់អនុញ្ញាតិ ឲ្យបន្ទប់សេវាថែទាំជំងឺ មានតែគ្រែសម្រាកថែទាំអ្នកជំងឺ២គ្រែប៉ុណ្ណោះ។ ប៉ុន្តែបន្ទប់សេវាថែទាំជំងឺ យីហោ សុខសុវណ្ណារ៉ា បានដាក់គ្រែរហូតដល់ទៅ១២គ្រែច្រើនជាងមណ្ឌលសុខភាពឃុំមានតែ១០គ្រែ និងមិនអនុញ្ញាតិឲ្យ សម្រាកព្យាបាលទេ គឺពិនិត្យព្យាបាលបឋម ជំងឺស្រាលៗបើមានអការធ្ងន់គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិភ្លាមៗ។ បន្ទប់ថែទាំជំងឺ សុខសុវណ្ណារ៉ា មិនត្រឹមតែថែទាំជំងឺទេ គឺមានពិគ្រោះព្យាបាល ដាក់សេរ៉ូម រណេងរណោង នៅខាងមុខបន្ទប់ថែទាំជម្ងឺទៀតផងទើបមន្រ្តីមន្ទីរសុខាភិបាល បិទបញ្ឈប់ការផ្តល់សេវា ដែលជាបញ្ហាប្រឈមដល់សុខភាពប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា នៅត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានលុបបំបាត់ការលក់ឱសថក្លែងក្លាយនិងសេវាព្យាបាលអត់ ច្បាប់សរុប២៤៨កន្លែង នៅទូទាំងខេត្ត។ លោកបន្តថា អ្នកផ្តល់សេវាវេជ្ជសាស្ត្រ មានច្បាប់និងគ្មានច្បាប់សរុប ៥៤៣កន្លែង មានច្បាប់ចំនួន ២៩៥កន្លែង គ្មានច្បាប់ចំនួន២៤៨កន្លែងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិបានចុះធ្វើកិច្ចសន្យារួចរាល់ហើយមិនអនុញ្ញាតិឲ្យបន្តផ្តល់សេវា សុខាភិបាលទៀតទេ ។
ក្នុងនោះបានលុបចោល ដកហូតច្បាប់អនុញ្ញាតិ បញ្ឈប់ឲ្យធ្វើសកម្មភាពផ្តល់សេវាសុខភាព៣គឺ៖បន្ទប់ថែទាំជំងឺ១ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ១ បន្ទប់ពិសោធន៍វេជ្ជសាស្រ្ត១ និងនៅថ្ងៃ១១ ខែតុលា ឆ្នាំ២០១៧ បានចុះទៅបិទបន្ទប់សេវាថែទាំជំងឺ យីហោសុខសុវណ្ណារ៉ា មួយកន្លែងទៀត ៕ យឹម សុថាន















