ភ្នំពេញ៖ លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានស្នើឲ្យសមាជិក ក្រុមប្រឹក្សាគណៈមេធាវី កម្ពុជា ទំាងអស់ត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាការផ្ដល់សេវាកម្មផ្លូវច្បាប់ជូនពលរដ្ឋ ប្រកបដោយយុត្ដិធម៌ និងដើម្បីផ្ដល់តម្លៃកិត្ដិយស មុខមាត ដល់សង្គមជាតិទំាងមូលផង ការស្នើសុំរបស់ លោកហ៊ី សោភា បែបនេះក្នុងឱកាសចូលរួមក្នុងមហាសន្និបាត គណៈមេធាវីលើកទី២០ នៅសណ្ឋាគារសុខា កាល ពីថ្ងៃទី១៦ ខែតុលា ឆ្នំា២០១៥ ។
លោក ហ៊ី សោភា បានបញ្ជាក់ថា៖ មេធាវីមិនមែជាជនអាថ៍កំបាំងទៀតទេ មេធាវី គឺជាបញ្ញវ័ន្ដច្បាប់ ដែល ផ្ដល់សេវាកម្មច្បាប់ ជូនសាធារណៈជនតាមតម្រូវការ ។ មេធាវីជាចលករដ៏សកម្ម របស់សង្គម នៅក្នុងការការពារសិទ្ធិសេរីភាពរបស់បុគ្គល និងជាពិសេស អ្នកចូលរួមការពារផលប្រយោជន៏ យុត្ដិធម៌សង្គម ។ យើងអាចនិយាថា មេធាវីជាជំនួយការយុត្ដិធម៌សង្គម ដើម្បីធ្វើឲ្យសង្គម មានភាពរឹងមំាខាង វិស័យយុត្ដិធម៌។ ដោយឈលើហេតុផលនេះហើយ សមាជិក ក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា ទំាងអស់ត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាការផ្ដល់សេវាកម្មផ្លូវច្បាប់ជូនពលរដ្ឋ ប្រកបដោយយុត្ដិធម៌ និងដើម្បីផ្ដល់តម្លៃកិត្ដិយស មុខមាត ដល់សង្គមជាតិទំាងមូលផង និងត្រៀមខ្លួន ពង្រឹងគុណភាព បង្កើនធន ធានតាមរយៈការធ្វើសមាហរកម្មអាស៊ានសេដ្ឋកិច្ចនៅចុងឆ្នំា២០១៥នេះ។
លោក ប៊ុន ហុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ នៅរៀងរាល់៣ឆ្នាំម្តង មេធាវីពេញសិទ្ធិគ្រប់រូប ត្រូវចូលរួមបោះឆ្នោត បង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើស គណៈគ្រប់គ្រង របស់គណៈមេធាវី គឺសមាជិកក្រុមប្រឹក្សាគណៈមេធាវី ការអនុវត្តសិទ្ធិមួយនេះ បង្ហាញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់ លើវិជ្ជាជីវៈមេធាវី និងការមិនបោះបង់ចោលនូវសិទ្ធិ របស់មេធាវីឡើយ។ នៅឆ្នាំ២០១៤ កន្លងទៅនេះ គណៈមេធាវីបានកំណត់យក ទិសដៅអនុវត្តរបស់ខ្លួន ដោយផ្តោតសំខាន់លើការ ពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មេធាវី ដើម្បីធានាបាននូវការផ្តល់សេវា មេធាវីប្រកបដោយគុណភាព និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ នៃវិជ្ជាជីវៈ ហើយឆ្នាំនេះ គណៈមេធាវីនឹងបន្តអនុវត្តសកម្មភាព ទំាងនេះដដែល រួមជាមួយនឹងផែនការយុទ្ធសាស្ត្ររបស់គណៈមេធាវី សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នំា២០២០ ដើម្បីបន្តពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ របស់មេធាវី ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបានរំលឹកថា៖ សមាសភាព ដែលឈរឈ្មោះ ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី សម្រាប់អាណត្តិទី៨ នេះ មានចំនួន១០៣នាក់ ក្នុងនោះមេធាវីមួយរូប បានសុំដកខ្លួន មួយរូបទៀតស្លាប់ សម្រាប់ថ្ងៃបោះឆ្នោតជាក់ស្តែងនេះ បេក្ខភាពមានចំនួន១០១រូប ក្នុងនោះមេធាវី ដែលមកពីតាមបណ្តារាជធានី-ខេត្តចំនួន៦៧២ នាក់ ធ្វើការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចំនួន២៧រូប ដើម្បីបន្តដឹកនាំគ្រប់គ្រង សម្រាប់អាណត្តិទី៨ ហើយលទ្ធផល និងប្រកាសនៅក្រោយបញ្ចប់មហាសន្និបាត៕
ដោយ៖ សំរិត