Update : អគ្គិភ័យឆាបឆេះហាងលក់កុំព្យូទ័រយីហោ អេស ធី សុី កុំព្យូទ័រ ទាំងកណ្ដាលយប់បណ្ដាលឲ្យបុរស៤នាក់ស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

ភ្នំពេញ ៖ បុរស៤នាក់បានស្លាប់យ៉ាងអណោចអធ័មនៅក្នុងផ្សែងភ្លើងឆាបឆេះខ្មួលខ្មាញ់នៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិចនិងកុំព្យូទ័រយីហោ អេស ធី សុី កុំព្យូទ័រ កាលពីវេលាម៉ោង១១​យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្តះលេខ3B ផ្លូវលេខ៧០ ជិតផ្សាទួលសង្កែរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង៤នាក់គឺជាម្ចាស់ហាងនិងបុគ្គលិកដែលកំពុងតែសម្រាកនៅខាងក្នុងហាងជាន់ខាងលើដោយចាក់សោកខាងក្នុងហើយដោយភ្លើងឆេះចេញជាផ្សែងខ្លួលខ្មាញ់ធ្វើអោយជនរងគ្រោះរកផ្លូវចេញមិនឃើញថប់ដង្ហើមរោលខ្លោចពេញខ្លួនស្លាប់ស្លាប់យ៉ាងវេទនានៅក្នុងផ្សែងភ្លើង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញផ្សែងខ្មៅហុយចេញពីហាងលក់កុំព្យូទ័រ យីហោ អេស ធី សុី កុំព្យូទ័រ យ៉ាងខ្មួលខ្មាញ់ហើយក៏រាយការណ៍ទៅសមត្ថកិច្ចអោយមកជួយអន្តរាគមន៍។ ប្រភពបានបន្តថាក្រោយពីទទួលបានព័ត៌មាននេះកម្លាំងសមត្ថកិច្ចក៏ដូចជាកម្លាំងអាវុធជាច្រើននាក់និងរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅដល់កន្លែងកើតហេតុធ្វើការគាស់និងវាយបំបែកទ្វារកញ្ចក់បាញ់ទឹកពន្លត់ដើម្បីជួយអ្នកដែលជាប់នៅខាងក្នុងហាង តែដោយស្ថានភាពផ្សែង​ហុយខ្លាំងពេកបណ្ដាលអោយជនរងគ្រោះទាំង៤នាក់ដែលជាប់នៅខាងក្នុងនោះមិនអាចទ្រាំទ្របានទើបបណ្ដាលអោយថប់ដង្ហើមឆេះរោលខ្លោចពេញខ្លួនស្លាប់នៅក្នុងផ្សែងភ្លើងយ៉ាង​អណោច​អធ័មតែម្ដង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរបានបន្តថា ជនរងគ្រោះទាំង៤នាក់គឺជាម្ចាស់ហាងនិងបុគ្គលិកដែលធ្វើការនៅទីនោះហើយតែងតែសម្រាកនៅក្នុងហាងជារៀងរាល់ថ្ងៃផងដែរ។
ក្នុងករណីនេះដែរគេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកផ្ទាល់នៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបានអោយដឹងថា ក្នុងករណីអគ្គីភ័យនេះដែរគឺកម្លាំងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យសរុបចំនួន១២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន២០ឡានទើបគ្រប់គ្រងរលត់ទាំងស្រុងនៅម៉ោង១២និង៣០នាទីរំលអាធ្រាតឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ចំណែកសពជនរងគ្រោះទាំង៤ ត្រូវបានយកទៅដម្កល់នៅមន្ទីរពេទ្យកាលម៉ែតដើម្បីរងចាំសាច់ញាត្តិមកទទួល​យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print