ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុបានបញ្ជូនជនជាតិចិន ដែលបើករថយន្ដបុកម៉ូតូបណ្តាលឲ្យស្លាប់មនុស្សម្នាក់ កាលពីម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខសាលាបឋមសិក្សាហ៊ុនសែនឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី។
គួររំឭកថា គ្រោះថ្នាក់ចរាចរនេះកើតឡើងរវាងរថយន្តម៉ាក Starex ពណ៌សពាក់ ស្លាកលេខ ព្រះសីហនុ 2A-8896ជា កម្មសិទ្ធិ កាស៊ីណូ WHITE SAND PALACE បើកបរដោយបុរសជន ជាតិចិន ធ្វើដំណើរពីក្រុងព្រះសីហនុទៅភ្នំពេញបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ C-100 ពណ៌ក្រហម ពាក់ស្លាកលេខព-4137 ភព1 ក្នុងទិសដៅបញ្ច្រាសគ្នា។
បុរសជនជាតិខ្មែរ (ស្លាប់) ឈ្មោះ គឹម ចាន់រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងបុរសជនជាតិចិន ឈ្មោះ MAZHAN LI ភេទ ប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកបើក បររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅការិយាល័យចរាចរផ្លូវគោក ៕ ជាយក្រុង