ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញយកខ្សែគោចងព្យួកនឹងដើមស្វាយផ្នែកខាងក្រោយផ្ទះឈាងត្បូងស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ និងសមត្តកិច្ចផងដែរ ដោយត្រូវគេសង្ស័យដោយសារតែមានវិបត្តិផ្លូវចត្ត នេះបើយោងតាមរបាយការណ៍លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផល។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចដើមស្វាយផ្នែកខាងក្រោយឈាងខាងត្បូងចម្ងាយប្រមាណជាង ៣០ម៉ែត្រពីផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរតូង សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពពីរបាយការណ៍លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផលខាងលើបន្តថា ជនរងគ្រោះ(ស្លាប់)ដោយគិតខ្លីសម្រេចចងព្យួកធ្វើអត្តឃាតបានដូចបំណងនោះឈ្មោះ សុក សុមាលី ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.សង្កាត់កើតហេតុខាងលើ។
ប្រភពព័ត៌មានពីរបាយការណ៍របស់លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផលដដែលខាងលើបន្តថា ករណីខាងលើគេមិនបានបញ្ជាក់ថាជនរងគ្រោះបានចាប់ផ្ដើមធ្វើសកម្មភាពចងព្យួកពីវេលាម៉ោងប៉ុន្មាននោះទេ លុះនៅវេលាម៉ោងខាងលើទើបគេប្រទះឃើញទើបបង្កការនាំគ្នាឆោឡោឡើងតែម្តង ហើយក៍គេមិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់នោះដែរ គ្រាន់តែគេបញ្ជាក់យ៉ាងច្បាស់ថាគាត់មានវិបត្តិផ្លូវចិត្តប៉ុណ្ណោះ។
ប្រភពព័ត៌មានពីរបាយការណ៍ដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា មន្រ្តីជំនាញពាក់ព័ន្ធបច្ចេកទេសបានសហការគ្នា ចុះដល់កន្លែងកើតហេតុដើម្បីធ្វើពិនិត្យជាក់ស្តែង និងធ្វើស្រាវជ្រាវជុំវិញកន្លែងកើតហេតុដើម្បីចាប់យកវត្ថុតាងនានា លទ្ធផល៖ គេបញ្ជាក់ថាលើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យជាប់ការសង្ស័យពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ជនរងគ្រោះពិតជាអាច(ស្លាប់)ដោយយកខ្សែគោចងព្យួកនឹងដើមឈើស្វាយពិតមែន ក៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕