ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវលេខ១៦៩កែងផ្លូវលេខ១១៨ ត្រង់ចំណុចមុខមជ្ឃមណ្ឌលកំសាន្តTown ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីវេលាម៉ោង២ និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីំ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ 1E 4624 បានឌុបប្រពន្ធមកតាមបណ្តោយផ្លូវ១៦៩ ទិសដៅពីត្បូងទៅជើង។ លុះដល់ចំនុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួគ្រឿងទៀតម៉ាកScoopy Today ពណ៌ពងមាន់ អត់មានស្លាកលេខជិះគ្នា៣នាក់ស្រីម្នាក់និងប្រុស២នាក់ ដែលទើបបើកចេញមកពីក្លឹបកម្សាន្ដTown ហើយបានជិះឆ្លងផ្លូវពីកើតទៅលិច ដោយអាងតែផ្លូវស្ងាត់ហើយស្រវឹងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមពេញទំហឹង បណ្តាលឲ្យម៉ូតូដួលគរលើគ្នា។ ចំណែកអ្នកជិះម៉ូតូស្កុពីរបួសធ្ងន់២នាក់ ស្រាលម្នាក់ និងអ្នកជិះម៉ូតូហុងដាឌ្រីមរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកដល់ និងដឹកយកអ្នករបួសខាងបង្កយកទៅព្យាបាលនៅគ្លីនិកឯកជន។ ចំណែកបុរសរងគ្រោះបានចូលទៅព្យាបាលរបួសដោយខ្លួនឯង។ រីឯម៉ូតូទាំងសងខាងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា៕
ដោយ៖ វិបុល