ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក បានប្រកាសទៅកាន់កងទ័ព ទាំងអស់ថាត្រូវតែគោរពឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា និងអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ដើម្បីពង្រឹង ប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីឲ្យបានគង់វង្ស និងរីក ចម្រើន។
ការប្រកាសរបស់នាយឧត្តមសេនីយ៍ មាស សុភា បែបនេះធ្វើឡើងនៅក្នុងពិធី ប្រកាសផ្ដល់មុខងារ និងដំឡើងឋានន្ដរ ស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក ថ្នាក់ឧត្តម សេនីយ៍ទោ ថ្នាក់ឧត្តមសេនីយ៍ត្រី និង ថ្នាក់វរសេនីយ៍ឯក ជូននាយទាហានសរុប ៩៤នាក់ នៅបញ្ជាការដ្ឋានកងទ័ពជើង គោក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នេះ។
នាយឧត្តមសេនីយ៍ មាស សុភា ជំនួស មុខឲ្យប្រមុខរាជរដ្ឋាភិបាល ក្រសួងការ ពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសថ្នាក់ដឹកនាំកងទ័ពជើង គោកបានសម្តែងនូវក្តីសប្បាយរីករាយ លើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងបំពេញការងារប្រកប ដោយកិច្ច សហការ និងការសមគ្គីជាធ្លុងមួយរបស់ នាយទាហាន ពលទាហានក្នុងការចូលរួមក្នុងសកម្មភាពបម្រើជាតិមាតុភូមិកម្ពុជា រហូតប្រទេសជាតិមានសន្តិភាពយ៉ាងពិតប្រាកដ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យ។
នាយឧត្តមសេនីយ៍ មាស សុភា បាន បញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរមុខងារ និងការដំឡើងឋានន្តរស័ក្តិ ជូននាយ ទាហាននាពេលនេះ គឺស្របពេលដែល ប្រទេសជាតិ យើងមានសន្តិភាព ហើយ ប្រទេសជាតិក៏កំពុងមានការអភិវឌ្ឍរីក ចម្រើនជាលំដាប់។ ខ.ភ.ម.កំពុងកែទម្រង់ កងកម្លាំងរបស់ខ្លួន ឲ្យមានទាំងបរិមាណ និងគុណភាព សមត្ថភាព ក្នុងការចូលរួម បំពេញភារកិច្ចការពារសណ្តាប់ធ្នាប់សង្គម ពិសេសចូលរួមជួយដល់រាជរដ្ឋាភិបាល ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។
ឆ្លៀតក្នុងឱកាសនោះ មេបញ្ជាការកង ទ័ពជើងគោករូបនេះបានលើកយកនូវព្រឹត្តិការណ៍សំខាន់ៗ នៃសភាពការណ៍វិវត្តថ្មីៗ នៅកម្ពុជា ពន្យល់ដល់នាយ នាយរងពលទាហានក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោកឲ្យយល់កាន់តែច្បាស់នូវព្រឹត្តិការណ៍ដែលកើតមានឡើងពិសេសការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅកម្ពុជា នាពេល ថ្មីៗនេះផ្តោតសំខាន់ទៅលើព្រឹត្តិការណ៍នៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិ នឹងឈានទៅដល់ការ រំលាយគណបក្សមួយនេះ ដោយសារតែ បក្សមួយនេះបានឃុបឃិតជាមួយបរទេស នាំបដិវត្តន៍ពណ៌មកអនុវត្តនៅកម្ពុជា៕ សុខដុម