គ្រូទាយដ៏ល្បីល្បាញដែលពិភពលោកទទួលស្គាល់គីលោកយាយ Vanga ជនជាតិប៊ុលហ្គារីធ្លាប់បានព្យាករណ៍ ពីពិភពលោកនៅក្នុងឆ្នាំ២០១៧ ហើយពេលនេះអ្វីដែល លោកយាយបានលើកឡើងកំពុងតែក្លាយជាការពិត។
គេហទំព័រ Romania TV កាលពីថ្ងៃទី២២ខែតុលាបានផ្សាយថា៖ នៅមុនពេលលោកយាយស្លាប់នៅឆ្នាំ១៩៩៦ លោកយាយ Vanga បានបន្សល់ទុកនៅការទស្សន៍ទាយរបស់ខ្លួនស្តីពីសង្គ្រាម និងគ្រោះអាសន្ន បណ្តាលឲ្យមនុស្សស្លាប់ជាច្រើន។
នៅក្នុងការព្យាករណ៍របស់លោកយាយស្តីពីស្ថានភាពនៅក្នុងឆ្នាំ២០១៧ គឺអាចកើតមាន គ្រោះធំ មនុស្សជាតិមិនមានសន្តិភាពឡើយ ហើយសង្គ្រាមនិងកើតចេញពីភាគខាងកើត ក៏ដូចជាការកើនកម្តៅនៃផែនដី អាចសម្លាប់មនុស្សជាច្រើន។
កន្លងមកសារព័ត៌មានក៏ល្បីរបស់អង់គ្លេសក៏បានផ្សព្វផ្សាយពីការទស្សន៍ទាយរបស់លោកយាយ ស្តីពីការប្រើប្រាស់អាវុធបរមាណូនៅក្នុងសង្គ្រាមលោកលើកទី៣។ នៅក្នុងទំនាយរបស់លោកយាយ Vanga បានបញ្ជាក់ថា«មនុស្សគ្រប់រូបបានដាក់ក្តីសង្ឃឹមលើគាត់ ដើម្បីបញ្ចប់វា ប៉ុន្តែរឿងគ្រប់យ៉ាងនឹងផ្ទុយទាំងអស់ ។ គាត់នឹងនាំប្រទេសជាតិ ធ្លាក់ចូលក្នុងវិវាទ រវាង ខាងជើងនិងខាងត្បូង»។ តាមការស្រាវជ្រាវ អ្វីដែលលោកយាយបានលើកឡើងគឺសម្តៅទៅលើកូរ៉េខាងជើងនិងខាងត្បូង ដែលកំពុងតែមានវិវាទខ្លាំងឡើងដោយសារតែ លោកត្រាំ។
នៅពេលនេះភាពតានតឹងនៅឧប្បទ្វីបកូរ៉េកាន់តែខ្លាំងឡើងៗ ក្រុមអ្នកអង្កេតការណ៍បានឲ្យដឹងថា ស្ថានភាពបច្ចុប្បន្ន ឲ្យតែមានកំហុសបន្តិច និងក្លាយជាសង្គ្រាមយោធា ទ្រង់ទ្រាយធំ។ នៅក្នុងតំបន់អឺរ៉ុប ក្នុងឆ្នាំ២០១៧ នេះ ក្លាយទៅជាគោលដៅ នៃការវាយប្រហារភេរវកម្ម IS ។
ជាការពិតអឺរ៉ុបបានរងការវាយប្រហារពីក្រុមភេរវកម្មជាច្រើន នៅក្នុងឆ្នាំ២០១៧បើទោះបីមានការបង្កើនសកម្មភាពការពារតឹងតែងបែបណាក្តី៕
ដោយ៖ មែវ សាធី