ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ថាមានករណីចោរប្លន់យកលុយរបស់គាត់អត់១២០០ដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ២១:០០នាទីយប់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នោះ នៅចំណុចផ្ទះលេខ៦៨ EO ផ្លូវ លេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមពិតគឺជាករណីបំភ្លើសសភាពការណ៌ថាចោរប្លន់លុយ បន្ទាប់ពីគាត់បានធ្វើសកម្មភាពលួចលុយប្តីសោះ ។
ជនអ្នកបំភ្លើសសភាពការណ៌ : ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៨ Eo ផ្លូវលេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្ដីឈ្មោះ ង៉ែត ញ៉ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ យាមក្រុមហ៊ុនហនុមាន ស្នាក់នៅផ្ទះលេខ៦៨E0 ផ្លូវលេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាម្ចាស់លុយ ) ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា មានករណីស្រ្តីម្នាក់ធ្វើសកម្មភាពបំភ្លើសសភាពការណ៌ កាលពីវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ឆ្លៀតពេលប្ដីឈ្មោះ ង៉ែត ញ៉ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មិននៅផ្ទះបានបំភ្លើសសភាពការណ៌ថាចោរប្លន់យកលុយនៅក្នុងផ្ទះអស់ចំនួន១០០០$ ( មួយពាន់ដុល្លារសហរដ្ឋអាមេរិក ) និង៨០០០០០៛ ( ប៉ែតសិបមុឺនរៀល ) ដោយចោទថាមានជនល្មើស២នាក់មកចូលយកកូនកាំបិតភ្ជង់ប្លន់យកលុយខាងលើហើយគេចខ្លួនបាត់ ហើយឈ្មោះ ស៊ុន រដ្ឋា បានមកប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ។
តាមការបំភ្លឺអះអាងរបស់ឈ្មោះ ជន បញ្ញារស្មី ភេទប្រុស អាយុ៨ឆ្នាំ ( ជាចៅដែលរស់នៅជាមួយឈ្មោះ ស៊ុន រដ្ឋា ជាយាយ ) បានឲ្យដឹងថានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២:២០នាទីរសៀល ខ្លួនបានឃើញយាយខ្លួនឈ្មោះ ស៊ុន រដ្ឋា ឆ្លៀតពេលជីតាខ្លួនឈ្មោះ ង៉ែត ញ៉ កំពុងតែដេកលក់នៅផ្ទះហើយបានទុកកូនសោរកេសដាក់លុយនៅជាប់កង់ ភ្លាមនោះជីដូនខ្លួនឈ្មោះ ស៊ុន រដ្ឋា បាន យកកូនសោរកេសយកទៅចម្លងទុកសំរាប់យកលុយជីតារបស់ខ្លួន លុះមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩:០០នាទីយប់ឆ្លៀតពេលជីតាខ្លួនទៅយាមជាសន្តិសុខយាយរបស់ខ្លួនក៏បាន យកកូនសោរកេសដែលចម្លងរួចហើយយកលុយចំនួន០២ដុំដាក់នៅក្នុងថង់ពណ៌ខ្មៅ រួចយាយរបស់ខ្លួនឈ្មោះ ស៊ុន រដ្ឋា ក៏យកលុយទៅលាក់ទុកបាត់ រួចយាយក៏មករើកកាយខោអាវនៅក្នុងផ្ទះធ្វើដូច មានចោរចូលប្លន់ ហើយនាំរូបខ្លួនមកទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ថាមានចោរចូល ប្លន់យកលុយ ទើប មានសមត្ថកិច្ចចុះទៅកន្លែងកើតហេតុតែម្ដង ។ នៅក្នុងផ្ទះរបស់ខ្លួនគឺជីតាខ្លួនជាអ្នកទុកដាក់លុយកាក់និងកូនសោរកេសដាក់លុយ ។
បច្ចុប្បន្នស្រ្តីដែលបំភ្លើសសភាពការណ៌ថាចោរប្លន់លុយនោះ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវដឹងច្បាស់ហើយគាត់បានលួចលុយប្តីចំនួន១២០០ដុល្លារ លុះព្រឹកឡើងបានរត់គេចខ្លួនបាត់ ៕ស តារា