ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីនគរបាលពាក់ស័ក្កិមួយ ប៉ុន្តែមិនដឹងថានៅអង្គភាពណានោះទេ បានធ្វើសកម្មភាពបាញ់បោះសេរីនៅក្នុងមូលដ្ឋានខណ្ឌដូនពេញជាច្រើនគ្រាប់ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថ កិច្ចនិងប្រជាពលរដ្ឋដែលកំពុងតែដេកលង់លក់ភ័យហួសព្រលឹង បន្ទាប់ពីជនដៃដល់បានដកកាំភ្លើងខ្លីមួយដើមបាញ់កញ្ចក់រថយន្តខ្លួនឯង ចំនួន៤គ្រាប់ ភ្លាមនោះកម្លាំងកងអាវុធហត្ថខណ្ឌដូនពេញចេញមកអន្តរគមន៍ធ្វើការឃាត់ខ្លួន រួចបញ្ចូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ករណីបាញ់បោះសេរីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសណ្ឋាគារ ហូលីដេ ផ្លូវលេខ៧៥ កែងផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនបង្កហេតុឈ្មោះ លេង ធរ៉ា ភេទប្រុស ជាមន្ត្រីនគរបាល ឋានន្តរស័ក្តិអនុសេនីត្រីយ៍ (ស័ក្តិ១) មិនដឹងជាមន្ត្រីនៅអង្គភាពណា ជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LS450 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២N-៣៨៧៩ ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡិចស៊ីស LS450 ពណ៌ខ្មៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧៥ លុះមកដល់ចំណុចមុខសណ្ឋាគារ “ហូលីដេ” កន្លែងកើតហេតុ ស្រាប់តែមិនដឹងមានរឿងអ្វីនោះទេ ក៏បុរសបង្កហេតុបានដកកាំភ្លើងខ្លីមួយដើមរួចធ្វើសកម្មភាពបាញ់កញ្ចក់រថយន្តរបស់ខ្លួន ចំនួន៤គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូដ្ឋានចុះមកដល់កន្លែងកើតហេតុ ភ្លាមនោះកម្លាំងអាវុធហត្ថខណ្ឌបានមកដល់ ព្យាយាមដើរចូលទៅក្បែរជនបង្ក និងនិយាយលួងលោម រហូតឈានទៅដល់ការចាប់ខ្លួនបុរសរូបនោះនិងដកហូតបានកាំភ្លើងខ្លីស៊េរីទំនើបមួយដើមផងដែរ ។
ក្រោយធ្វើការឃាត់ខ្លួនមន្រ្តីនគរបាលនោះរួចមក រូបគេបានសារភាពថា ដោយសារតែរូបគាត់មានជម្លោះក្នុងគ្រួសារ ហើយចំពោះករណីផ្ទុះអាវុធ គឺខ្លួនមិនបានបាញ់នោះទេ គឺកាំភ្លើងរបស់គាត់ រ៉េលកៃបណ្ដាលឲ្យផ្ទុះត្រូវកញ្ចក់រថយន្តខ្លួនឯងចំនួន៤គ្រាប់ ។
បច្ចុប្បន្នជនបង្កហេតុ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនយកទៅសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដោយដកហូតកាំភ្លើងខ្លីមួយដើមម៉ាកឡុក២១ រថយន្តមួយគ្រឿង និងរកឃើញសម្បកគ្រាប់ចំនួន៤គ្រាប់ រួចបញ្ចូនបន្តទៅទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា