ភ្នំពេញ៖ នៅពេលនេះមានផលិតករជាច្រើនបានបង្ហាញក្តីព្រួយបារម្ភក្រោយពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសកោះប្រជុំជាមួយនឹងផលិតករមកពីផលិតកម្មនានាកាលពីព្រឹកថ្ងៃទី២៥កន្លងទៅ ប្រយោជន៍ធ្វើការផ្សព្វផ្សាយអំពីគោលការណ៍របស់មន្ត្រីពន្ធដាក្នុងការប្រមូលពន្ធពីវិស័យភាពយន្ត។ ពន្ធដែលផលិតកម្មនានាត្រូវបង់ជូនរដ្ឋត្រូវបានផលិតករលើកឡើងថាជាការរុញច្រានឲ្យផលិតកម្មស្ទើតែទាំងអស់បិទទ្វារផ្អាកដំណើរការទាំងស្រុងព្រោះតែមិនមានលទ្ធភាពបង់។
ក្រសួងសិល្បៈវប្បធម៌បានផ្សព្វផ្សាយអំពីគោលការនៃការប្រមូលពន្ធរបស់មន្ត្រីពន្ធដាដែលធ្វើឲ្យផលិតករ មានការបារម្ភខ្លាំង។នេះបើយោងតាមការបញ្ជាក់របស់ផលិតករ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពបន្តថាការ បារម្ភព្រោះតែ ការធ្វើរបាយការណ៍ មានភាពស្មុកស្មាណ និងចំនួនទឹកប្រាក់នៃការបង់ពន្ធមានចំនួនកាន់តែច្រើន។ ប្រភពបញ្ជាក់ថា ពន្ធទីមួយគឺពន្ធពីចំណូលនៃការបញ្ចាំងក្នុងរោងកាត់១០ភាគរយទៅរដ្ឋ។ ទី២ក្រោយចែកជាមួយរោងកុនត្រូវកាត់១ភាគរយទៅរដ្ឋ។ ទី៣ត្រូវបង់ពន្ធអាករ១០ភាគរយរាល់ខែនៃប្រាក់ចំណូលរបស់ផលិតកម្ម។ ទី៤ត្រូវបង់ពន្ធ (vat)ប្រចាំឆ្នាំ។ ទី៥ ពន្ធកាត់ទុកពីប្រាក់ចំណូលចំនួន១៥ភាគរយ។ ទី៦ គឺការកាត់ពន្ធ ១០ភាគរយពីតម្លៃជួលទីតាំង ការិយាល័យ។ ទី៧ពន្ធកាត់ពីបុគ្គលិកពេញម៉ោង១០ភាគរយសម្រាប់បុគ្គលោកមានប្រាក់បៀវត្សរិ៍ចាប់ពី៣០០ដុល្លារអាមេរិកឡើងទៅ។ ទី៨ពន្ធលើអ្នកដឹកនាំសម្តែង អ្នកនិពន្ធ ក្រុមការងារផលិត សិល្បករ ចំនួន១០ភាគរយ។ ទី៩ពន្ធលើកម្មសិទ្ធិ ឬស្នាដៃ ចំនួន១៥ភាគរយ។ ទី១០ពន្ធកម្រៃនៃប្រាក់ចំណូលតួសម្តែង ១៥ភាគរយ។ ទី១០ពន្ធលើការជួលទីតាំងថត ការជួលសម្ភារៈ ១០ភាគរយ… .ល.។ ផលិតករខាងលើរិះគន់ថា ក្រោយបញ្ចប់ការប្រជុំជិត២ម៉ោង ផលិតករមានពេលត្រឹម១០នាទីប៉ុណ្ណោះដើម្បីនិយាយពីទុក្ខលំបាករបស់ខ្លួនប្រាប់ទៅមន្ត្រីក្រសួង ហើយបញ្ហានិងសំណើរទាំងនោះត្រូវបានក្រសួងបដិសេធមិនទទួលយក។
នៅមិនទាន់អាចស្វែងរការបញ្ជាក់បាននៅឡើយទេពីមន្ត្រីក្រសួងពាក់ពន្ធ។ ប៉ុន្តែបញ្ហាពន្ធ និងបញ្ហាប្រឈមជាច្រើនសម្រាប់ផលិតករនេះត្រូវបានគេជឿជាក់ថា នឹងធ្វើឲ្យផលិតកម្មស្ទើតែទាំងអស់ផ្អាកការផលិតរបស់ខ្លួនព្រោះតែប្រាក់ចំណូលដែលទទួលបានក្រៅពីចែកពាក់កណ្តាលជាមួយរោងកុនហើយត្រូវយកមកកាត់ពន្ធជូនរដ្ឋជាច្រើនទៀត។ គ្រាដែលផលិតកម្មខ្លះមួយឆ្នាំចេញថតស្ទើមិនបានមួយរឿងផងត្រូវប្រឈមនឹងបញ្ហាប្រាក់ចំណូលទៀតទើបត្រូវបង្ខំចិត្តបិទផលិតកម្មចោលតែម្តង។
គួរបញ្ជាក់ដែរថា វិស័យភាពយន្ត ខ្មែរចាប់ផ្តើមមានសន្ទុះបន្តិចក្នុងរយៈពេលចុងក្រោយនេះ ពិសេសក្រោយពេលដែលក្រសួងចេញសេចក្តីប្រកាសហាមចាក់បញ្ចាំងភាពយន្ត និងកម្មវិធីបរទេសក្នុងម៉ោងមាស។ ប៉ុន្តែផលិតករជាច្រើនបង្ហាញពីក្តីព្រួយបារម្ភនៃការធ្លាក់ចុះជាថ្មីនៃវិស័យនេះក្រោយពីការប្រកាសយកពន្ធទៅលើបុគ្គលិកទាំងអស់ដែលជាប់កាតព្វកិច្ចបង់ពន្ធ។ ផលិតករបានស្នើឲ្យរដ្ឋកំណត់ពន្ធ លើផលិតកម្មទាំងអស់ពីខ្នាតមធ្យមមកត្រឹមខ្នាតតូចវិញព្រោះតែផលិតកម្មពិបាកនឹងធ្វើរបាយការណ៍រៀងរាល់ខែ ។ពួកគេក៏បាន ស្នើសុំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលឲ្យជួយអនុគ្រោះទៅលើការបង់ពន្ធក្នុងវិស័យភាពយន្តខ្មែរ ដោយលើកលែងពន្ធពី១០ ទៅ១៥ ឆ្នាំ ដោយរងចាំឲ្យវិស័យខាងលើនេះដើរទៅមុខរលូនបន្តិចសិន៕ វឌ្ឍនា