មហោស្រពភាពយនុ្តខ្លីចតុមុខប្រកាសចាក់បញ្ចាំងភាពយន្ត១៥៨រឿងមកពី៣០ប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ ភាពយន្តបរទេសប្រមាណជាង៣ពាន់រឿងត្រូវបានបញ្ជូនមកធ្វើការវាយតម្លៃនិងជ្រើសរើសយកមកចាក់បញ្ចាំងនៅក្នុងកម្មវិធីមហាស្របភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៧នេះ។ ក្នុងនោះភាពយន្តខ្លីចំនួន១៥៨ប៉ុណ្ណោះដែលត្រូវបានជាប់ហើយយកមកធ្វើការចាក់បញ្ចាំងនៅតាមរោងភាពហន្ត និងបណ្តាមជ្ឈមណ្ឌលវប្បធម៌ជាច្រើនកន្លែងទៀត។

​ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៥ខែតុលានេះក្នុងកម្មវិធីប្រកាសបើកកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៧នេះនៅសាលមហោស្រពចតុមុខក្រោមវត្តមានភ្ញៀវជាតិអន្តរជាតិ សិល្បករ ផលិតករ មន្ត្រីក្រសួងនានាជាច្រើនចូលរួមផងដែរ។

​ក្នុងឆ្នាំនេះកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខ នឹងធ្វើការចាក់បញ្ចាំងរឿងសរុប១៥៨រឿង ដែលក្នុងនោះមានភាពយន្តខ្មែរជាប់ការប្រកួតចំនួន២៨រឿងនិងរឿងសម្រាប់ចាក់បញ្ចាំងពិសេសចំនួន២៧រឿងដែលនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្ត និងសាលនានាចំនួន១១កន្លែងក្នុងនោះមានសាលចតុមុខ រោងភាពយន្ត Legend ទាំង៣សាខា រោងភាពយន្តMajor Cineplex , រោងភាពយន្ត Prim Cineplex, សាលបូផានណា , កោះពេជ្រ , ផ្ទះមេត្តា ,សាលសាលាបារាំង និងសាលបារាយអណ្តែតខេត្តសៀមរាប។ ដែលការបញ្ចាំងនេះចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ខែតុលានេះ។
​លោកជា សុខហ៊ី ប្រធានមហោស្រពភាពយន្តខ្លី២០១៧ បានថ្លែងថា មហោស្រពនេះគឺជាកម្មវិធីមួយរៀបចំឡើងសម្រាប់យុវជន ខ្មែរដែលស្រលាញ់វិស័យភាពយន្ត ដោយការផ្តល់ឱកាសបញ្ចេញស្នាដៃ និងការទទួលបានព័ត៌មានកាន់តែច្រើនពីវិស័យភាពយន្ត ហើយក៏ជាស្ពានតភ្ជាប់យុវជន ទៅកាន់វិស័យភាពយន្តដ្មែរ។ លោកថាកម្មវិធីនេះក៏នឹងជួយពង្រឹង និងពង្រីកវិស័យភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត។

លោកសោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងការកោតសរសើរចំពោះកម្មវិធីមហោស្រពនេះដែលជួយជំរុញឲ្យវិស័យភាពយន្តនៅកម្ពុជាកាន់តែរីកចម្រើន។ លោកក៏ស្នើឲ្យការបង្កើតស្នាដៃថ្មីៗចូលរួមលើកតម្កើងតម្លៃសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ។ ក្រសួងក៏គាំទ្រឲ្យមានកម្មវិធីនេះជាបន្តទៀត និងស្នើឲ្យយុវជនបន្តការខិតខំប្រឹងប្រែងបណ្តុះការយល់ដឹងអំពីតម្លៃនៃវិស័យភាពយន្ត និងបង្កើតស្នាដៃថ្មីៗទាំងបរិមាណ និងគុណភាព និងក្លាយជាអ្នកបន្តវេន និងជានិរន្តរភាព ទប់ស្កាត់លំហូរចូលនៃវប្បធម៌មិនល្អពីបរទេស។

​គួរបញ្ជាក់ដែរថាក្នុងឆ្នាំនេះផងដែរមហោស្រពភាពយន្តខ្លីក៏ដាក់ឲ្យមានការបោះឆ្នោតវាយតម្លៃពីសំណាក់ទស្សនិកជនចូលរួមទស្សនាផងដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print