ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ត្រូវសមត្តកិច្ចនគរបាលក្រុងពោធិ៍សាត់អះអាងធ្លាប់ជាប់ពន្ធនាគាររយៈ ១០ខែ ដោយជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀនខុសច្បាប់ ហើយទើបនឹងចេញមកវិញបានត្រឹបតែចំនួន ១៥ថ្ងៃប៉ុណ្ណោះ ក៍ត្រូវបានចាប់ខ្លួនម្តងរួមទាំងវត្ថុតាងផងដែរ ហើយជនសង្ស័យរូបនេះត្រូវតែចូលទៅពន្ធនាគារម្តងទៀតខណៈមានវត្ថុតាងគ្រប់គ្រាន់។
ប្រភពព័ត៌មានពីនគរបាលក្រុងពោធិ៍សាត់បន្តថា ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ជនសង្ស័យត្រូវកម្លាំងឃាត់ខ្លួនឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ មានទីលំភូមិ សង្កាត់កើតហេតុខាងលើ ហើយក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងយើងបានប្រមូលនូវឧបកណ៍ប្រើប្រាសសារធាតុញៀន ១ថង់ និងដាវសាមូរ៉ៃចំនួន ០១ផងដែរ ដែលនេះវត្ថុតាងជាក់ស្ដែង។
ប្រភពព័ត៌មានដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ចំពោះជនសង្ស័យ រួមទាំងវត្ថុតាង នាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបំពេញសំណំបែបបទបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ បឹុម ពិន