វិភាគអន្តរជាតិ៖ ខ្លាចលោកត្រាំធ្វើផ្តេសផ្តាស់តំណាងរាស្ត្រអាមេរិកស្នើរច្បាប់រារាំងលោកត្រាំវាយប្រហារកូរ៉េខាងជើង

ចែករំលែក៖

ដោយខ្លាចលោកត្រាំ ដែលជាប្រធានាធិបតី ដែលគេដឹងថា មាន​«ចិត្តក្តៅ​ឆេវឆាវ» មិនអាច​ទប់អារម្ភពីការឌឺដងរបស់កូរ៉េខាងជើងបាន ក៏បើកការវាយប្រហារទៅលើប្រទេសកូរ៉េខាងជើង ទាំងកម្រោល តំណាងរាស្ត្រអាមេរិក បានស្នើរចេញច្បាប់រារាំង លោកត្រាំ វាយប្រហារកូរ៉េខាងជើង ។​ ការស្នើរច្បាប់ខាងលើធ្វើឡើងដោយ តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ លោក​ John Conyers នៅក្នុងរដ្ឋសភា និងលោក​ Ed Markey នៅក្នុងព្រឹទ្ធសភា។
កាលពីថ្ងៃទី​២៦ខែតុលា ក្រុមអ្នកបង្កើតច្បាប់ នៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីច្បាប់ រារាំងលោកត្រាំ វាយប្រហារកូរ៉េខាងជើង បើគ្មានការឯកភាពពីសភានោះ។
នៅក្នុងគម្រោងច្បាប់ថ្មីនោះមានឈ្មោះថា «មិនអាចវាយប្រហារដោយខុសច្បាប់ទៅលើកូរ៉េខាងជើង ឡើយ» ។ ច្បាប់ទាំងនោះ រួមមានទាំងការ កាត់បន្ថយការចំណាយទៅលើក្រសួងការពារជាតិ ដើម្បីរារាំងប្រធានាធិបតីអាមេរិកបើកការវាយប្រហារ ដោយមានការសម្រេច លើប្រធានាធិបតី ។ ប្រសិនបើច្បាប់ខាងលើត្រូវបានអនុម័តនោះ​ បើចងវាយប្រហារកូរ៉េខាងជើង ចាំបាច់ត្រូវឆ្លងកាត់ការបោះឆ្នោត សម្រេចពីសភាជាមុន។
លោក​ Conyers ​បានបញ្ចាក់ថា​«ក្នុងនាមខ្ញុំជា​អតីតទាហានធ្លាប់ធ្វើសង្គ្រាម​នៅក្នុងប្រទេសកូរ៉េខាងជើង ខ្ញុំពិតជា​ខកចិត្តនៅពេលដែល មេបញ្ជាការជាន់ខ្ពស់ «ប្រធានាធិបតី»មានសកម្មភាព​ប្រថុយ អាចបង្ករគ្រោះថ្នាក់ដល់​ទាហានអាមេរិកនៅកូរ៉េខាងត្បូងនិងជប៉ុន ក៏ដូចជាសម្ព័ន្ធមិត្តនៅក្នុងតំបន់​»។
លោក Conyers បានបញ្ជាក់ទៀតថា​« ទាំងនោះជាហេតុផលដែលយើងចង់ឲ្យចេញច្បាប់ខាងលើ បើ​ប្រធានាធិបតីចង់បើកការវាយប្រហារ គឺចាំបាច់ត្រូវតែទទួលបានការយលព្រមពីរដ្ឋាភាជាមុន»។
ក្រុមអ្នកគាំទ្រចេញច្បាប់ខាងលើ បានលើកឡើងថា ច្បាប់នេះពិបាកក្នុងការ អនុម័ត​ ប៉ុន្តែគ្រាន់តែការបង្ហាញភ្លាមក៏ទទួលបានការចាប់អារម្ភយ៉ាងខ្លាំង ពីសកម្មភាពកាត់បន្ថយតួនាទីរបស់ប្រធានាធិបតីអាមេរិក ក្នុងការចេញបញ្ជាឲ្យវាយប្រហារដោយបរមាណូ។
សេចក្តីព្រៀងច្បាប់ខាងលើ គឺជាលើកទីពីរហើយ ក្នុងការកាត់បន្ថយ តួនាទីរបស់លោកត្រាំ ។ កាលពីដើមឆ្នាំ សភាអាមេរិក​ក៏បានអនុម័ត រារាំង​លោកត្រាំចេញបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូ ប្រសិនបើមិនទាន់មានការឯកភាពពីរដ្ឋសភានោះទេ។
បច្ចុប្បន្នអាមេរិកនិងកូរ៉េខាងជើង បានប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំង ដោយការគំរាមកំហែង វាយប្រហារដោយអាវុធបរមាណូ ។ កាលពីខែកញ្ញាកន្លងមក លោកត្រាំបាននិយាយទៅកាន់អង្គការសហប្រជាជាតិថា​ អាមេរិកនិងបំផ្លាញកូរ៉េខាងជើង ប្រសិនបើ លោកគីមជុងអ៊ុន បន្តគំរាមកំហែងដល់សម្ព័ន្ធមិត្តនៅជិតខាងកូរ៉េខាងជើង ។
ឆ្លើយតបទៅនឹងការប្រកាសរបស់ លោកត្រាំ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក​ Kim In Ryong ​ក៏បានប្រកាសដែរថា ស្ថានភាពនៅឧប្បទ្វីបកូរ៉េ​ ស្ថិតនៅតំណាក់កាលនៃការផ្ទុះសង្គ្រាមបរមាណូ​គ្រាប់ពេលវេលា។
ពាក់ព័ន្ធនិងភាពតានតឹងនៅកូរ៉េខាងជើងនោះដែរ​វិមានខៀវរបស់ ប្រធានាធិបតី កូរ៉េខាងត្បូង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបើកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខជាតិមួយ ដើម្បីពិភាក្សាអំពីការ បង្កហេតុរបស់កូរ៉េខាងជើង ក្នុងពេលមួយថ្ងៃបន្ទាប់ ពីប្រធានាធិបតី មូន ជេអ៊ីន សន្យាថា នឹងរារាំងការវាយប្រហារ ឲ្យអស់ពីលទ្ធភាព ។
តាមប្រភពព័ត៌មាន ពីកាសែតអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ជារៀងរាល់សប្ដាហ៍ ហើយកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ត្រូវបានចូលរួលដោយ រដ្ឋមន្ត្រីការបរទេស លោក Kang Kyung-hwa រដ្ឋមន្ត្រីបង្រួបបង្រួមសាមគ្គីភាព និងរដ្ឋមន្ត្រីការពារជាតិ លោក Song Young-moo ដែលទើបនឹងទទួលតំណែងថ្មីៗ ។

យោងតាមទីភ្នាក់ងារកូរ៉េខាងត្បូង Newsis ក្រុមប្រឹក្សាសន្តិសុខនោះ បាននិយាយថា ខ្លួនពិភាក្សាត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកកាន់កូរ៉េ និងសញ្ញានៃការបង្កហេតុ របស់កូរ៉េខាងជើង ហើយក្រុមប្រឹក្សាបាន កត់សម្គាល់ឃើញថា កូរ៉េខាងជើង មិនធ្វើការបង្កហេតុបន្ថែម ចាប់តាំងពីថ្ងៃទី១៥ ខែតុលា ជាពេលដែលទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលផ្លោងរយៈមធ្យមមួយគ្រាប់ ។ ក្រៅពីនោះ ក្រុមប្រឹក្សា ក៏បានពិភាក្សាគ្នា អំពីវិធានការទប់ស្កាត់ផងដែរ ។

ជាមួយគ្នានេះដែរ កូរ៉េខាងត្បូង បានធ្វើតេស្តសាកល្បង បានយ៉ាងជោគជ័យ នូវមីស៊ីលយុទ្ធសាស្ត្រ វាយប្រហារពីដីទៅដី KTSSM ដែលអភិវឌ្ឍផលិត ក្នុងស្រុកដោយខ្លួនឯង ។

ប៉ុន្តែការបញ្ចប់សព្វគ្រប់ នៃប្រព័ន្ធមីស៊ីលនេះ នឹងត្រូវបានពន្យាពេលចំនួន៤ឆ្នាំ ព្រោះតែនៅខ្វះផ្នែកខ្លះ ដែលកំពុងស្វះស្វែងរកទិញ និងនៅមិនទាន់ទទួលបាន ការអនុម័តយល់ព្រម ពីសហរដ្ឋអាមេរិក នេះបើយោងតាមកាសែតក្នុងស្រុក ឈ្មោះ Hankyoreh រាយការណ៍កាលពី ថ្ងៃពុធម្សិលមិញ។

គួរបញ្ជាក់ផងដែរថា យោងតាមការចុះផ្សាយ របស់កាសែតអាមេរិក UPI ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៧ បានឲ្យដឹងថា ប្រព័ន្ធមីស៊ីល KTSSM នេះ គឺជាប្រព័ន្ធអាវុធមួយ ដែលមានសមត្ថភាព អាចវាយប្រហារទម្លាក់មីស៊ីល Scud ឬក៏មីស៊ីលវាយប្រហារពីដីទៅដី មានរយៈចម្ងាយវែង ដែលបាញ់ចេញពីប្រព័ន្ធ បាញ់ចល័តបាន ។

នៅពេលនេះកូរ៉េខាងត្បូងនិងជប៉ុន បានត្រៀមលក្ខណ ក្នុងការទប់ស្កាត់ការវាយប្រហារ​ពីកូរ៉េខាងជើង ដោយបានបង្កើនប្រព័ន្ធការពារ​នៅគ្រប់ទិសទី។ មិនតែប៉ុណ្ណោះ ក៏បាន​ហ្វឹកហាត់ពលរដ្ឋ​ក្នុងការជម្លៀសខ្លួនឲ្យបានទាន់ពេលវេលា ពេលកូរ៉េខាងជើងវាយប្រហារ។

ក្រុមអ្នកវិភាគបានលើកឡើងថា កូរ៉េខាងជើង អាចរងការវាយប្រហារប្រសិនបើ សាកល្បង បរមាណូនៅលំហរអាកាស ដូចការប្រកាសរបស់ទីក្រុងព្យុងយ៉ាងនោះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print