ភ្នំពេញ៖ បេក្ខជន អ៊ាម វន្នី មកពីទឹកដីខេត្តបាត់ដំបងត្រូវបានទស្សនិកជនចាត់ទុកថា រូបគេមានដុង(និស្ស័យ, ទេពកោសល្យ) ពីកំណើត លើវិស័យសិល្បៈ និងជាអ្នកនិពន្ធបទចំរៀង បទភ្លេង ជាមួយនឹងទេពកោសល្យបច្ចេកទេស ដេញហ្គីតា និងបង្ហើនូវមរតក សំនៀងដ៏ក្រអៅក្រអួនរណ្តំចិត្តសម្រាប់ជាការទាក់ទាញបេះដូងទស្សនិកជនត្រូវបានទម្លាក់នៅសប្តាហ៍ទី៧ នាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅក្នុងកម្មវិធី Cambodian Idol របស់ស្ថានីយទូរទស្សន៍ហង្សមាស បានក្លាយទៅជាការរិះគន់ពីមជ្ឈដ្ឋានទូទៅ ពិសេស បណ្តាញទំនាក់ទំនងសង្គមចាត់ទុកថា កម្មវិធីនេះ អាចប្រឈមនឹងភាពអយុត្តិធម៌ ។
ទទួលព័ត៌មានថ្មីទាន់ហេតុការណ៍ សូម Like Facebook Page របស់នគរដ្រេហ្គន៖
សុផៃ ហាយ ជាឈ្មោះនៅក្នុងអាខោនទំនាក់ទំនងសង្គមហ្វេសប៊ុក បានលើកឡើងថា ដោយសារតែលំហូរចូលយ៉ាងគំហុកនៃវប្បធម៌បរទេសធ្វើឲ្យយុវជនខ្មែរមួយចំនួននាពេលបច្ចុប្បន្ន ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបទចំរៀងបែបសម័យទំនើបជាងបទចំរៀងលំនាំដើម ។ ជាការពិត វន្នី មានសំឡេងពិសេសមួយ បែបទំនោរទៅរកលំនាំដើម (សំឡេងលោកតា ស៊ីន ស៊ីសាមុត កែវ សារ៉ាត់ អ៊ិន យ៉េន សុះ ម៉ាត់ មាស ហុកសេង ។ល។) ។ វន្នី ជាបេក្ខជនម្នាក់ដែលមិនគួរមើលរំលង ដោយសារសំឡេងស្រទន់ តែរឹងមាំ ការចេះនិពន្ធទំនុកច្រៀង ការចេះលេងហ្គីតា ។ ចំរៀងមួយបទពីរោះ និងទាក់ទាញគឺផ្តោតសំខាន់លើអត្ថន័យផងដែរ ។ ពិសេសចំរៀងពីដើមតែងបង្ហាញពីតថាភាពសង្គម សេដ្ឋកិច្ច ធម្មជាតិ តម្លៃបុរស ស្ត្រី ទំនៀមទម្លាប់ប្រពៃណីជាដើម ។ ដោយឡែក ចំរៀងបច្ចុប្បន្ន ពោរពេញដោយភាពសោះកក្រោះ ស្តាប់ឆាប់ជិនណាយ ដូច្នេះសង្ឃឹមថា វន្នី អាចធ្វើបានកាន់តែល្អឡើងទៅអនាគត ។
បើទោះជាមានការលើកឡើងពីទស្សនិកជនគាំទ្របែបណាក៏ដោយ បេក្ខជនរូបនេះត្រូវបានចាកចេញពីកម្មវិធី Cambodian Idol និងផ្តើមចេញឲ្យមានការរិះគន់កម្មវិធីនេះថា អាចមានភាពមិនប្រក្រតីណាមួយពីម្ចាស់ស្ថានីយ ឬគណៈកម្មការ ក៏អាចថាបាន ។
សុខ ខាអាន ក៏បានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ពិតជាស្តាយបេក្ខជនដ៏ល្អ ទោះគាត់ចាកចេញ តែខ្ញុំនៅតែគាំទ្រជានិច្ច ។ ដោយឡែក ចេនី យ៉ាន បានសរសេរយ៉ាងដូច្នេះថា វន្នី ធ្លាក់ហើយ ឈប់មើលហើយ មិនបាច់អស់លុយ មិនបាច់អត់ងងុយ អ្នកពីរោះៗធ្លាក់អស់ហើយ ស្តាយណាស់ អយុត្តិធម៌ណាស់ មិនសម វន្នី ធ្លាក់ទេ ។ កញ្ញា ឈ្មោះ ចាន់ ស្រីមុំ បាននិយាយស្រដៀងនេះផងដែរថា ទោះអ្នកចាកចេញទៅ ក៏ខ្ញុំនៅតែគាំទ្រអ្នកដែរ និងមានអ្នកសរសេរជាច្រើនទៀតបានសម្តែងនូវការសោកស្តាយ ហើយចាត់ទុកថា កម្មវិធី Cambodian Idol របស់ស្ថានីយទូរទស្សន៍ហង្សមាស អាចជាការប្រឡងប្រជែងដើម្បីតម្រូវការចង់បានរបស់ម្ចាស់ស្ថានីយ ឬក្រុមហ៊ុននេះ ជាជាងសំឡឹងមើលឲ្យឃើញពីសមត្ថភាពរបស់បេក្ខជន ដែលមានសមត្ថភាពប្រកបដោយទេពកោសល្យ និងជាអ្នកនិពន្ធបទចំរៀង និពន្ធបទភ្លេង ក៏ដូចជាអ្នកអភិរក្ស ការពារ លើកស្ទួយវិស័យសិល្បៈនោះឡើយ ។
អ្នកខ្លះនិយាយថា ការទម្លាក់បេក្ខជន អ៊ាម វន្នី គួរតែសិក្សាស៊ើបអង្កេតជាក់ស្តែងរកឲ្យឃើញមូលហេតុពិត ពីព្រោះ ទស្សនិកជនគាំទ្រគាត់ គាត់នឹងជាប់តាមរយៈទេពកោសល្យ និងទឹកដមសំនៀង ជាមួយនឹងកាយសម្បទា ភាពញញឹមរាក់ទាក់ ជាបុរសដ៏ស្វាហាប់ ឬមួយក៏ទម្លាក់នេះ អ៊ាម វន្នី មិនបានបំពេញលក្ខខណ្ឌណាមួយជាមួយនឹងក្រុមហ៊ុនហង្សមាសតាមរយៈកិច្ចសន្យាណាមួយ?
ទោះយ៉ាងណា ក្នុងកម្មវិធីមួយនេះកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅក្នុងហ្វេសប៊ុករបស់សម្តេច ដោយបានគាំទ្រកម្មវិធី Cambodian Idol ហើយថ្វីបើសម្តេចជាប់បំពេញភារកិច្ចនៅក្រៅប្រទេសមិនបានតាមដានកម្មវិធីនៅសប្តាហ៍ទី៦នេះក៏ដោយ សម្តេចបានសំណូមពរឲ្យប្រជាពលរដ្ឋជួយបោះឆ្នោតគាំទ្របេក្ខជនទាំង៦នាក់ផងដែរ ។
គេនៅចាំបានថា សមាគមសិល្បៈកន្លងទៅបានអំពាវនាវយ៉ាងទទូចស្នើសុំឲ្យទស្សនិកជនក្រមខណ្ឌទូទាំងប្រទេស និងក្រៅប្រទេស ពិសេសស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាជួយលើកដំកើងវិស័យសិល្បៈដោយសំដៅចង់ឲ្យស្ថានីយទូរទស្សន៍ រោងភាពយន្តនៅក្នុងស្រុកបញ្ចាំងភាពយន្តក្នុងស្រុក បញ្ចៀសការចម្លងវប្បធម៌បរទេស ឬយកភាពយន្តបរទេសមកបញ្ចាំង ធ្វើឲ្យភាពយន្តខ្មែរ ក៏ដូចជាសិល្បៈខ្មែរ ត្រូវបានធ្លាក់ចុះ ។ ដូច្នេះការទម្លាក់ អ៊ាម វន្នី អាចជាចំណុចស្រដៀងគ្នាទៅនឹងការលើកឡើងរបស់សមាគមសិល្បៈ ពីព្រោះ អ៊ាម វន្នី ជាបេក្ខជនមានទេពកោសល្យ មិនត្រូវបានគេលើកដំកើង ឬអាចមានចំណុចខ្សោយណាមួយ មិនបានទទួលយកកុងត្រាជាមួយនឹងក្រុមហ៊ុន ក៏អាចថា បាន ។ ប៉ុន្តែ ការទម្លាក់អ្នកមានសមត្ថភាព និងយកបេក្ខជនដែលគ្រាន់តែបំពេញកាតព្វកិច្ចដាក់ខ្លួនសម្របសម្រួលជាមួយនឹងក្រុមហ៊ុន គឺជាផលលំបាកសម្រាប់ថ្ងៃអនាគត ដោយសារអ្នកទាំងនេះ មានគំនាប ច្រៀងតាមការចាត់តាំងរបស់គេ គ្មានគំនិតអភិរក្ស លើកដំកើងសិល្បៈ ឬបង្កើតជាស្នាដៃនិពន្ធដោយខ្លួនឯង ដូចបទលំនាំដើមនោះឡើយ ។
បើទោះជាមានការលើកឡើងពីទស្សនិកជនជាច្រើននាក់ ពោរពេញដោយការរិះគន់នេះក៏ដោយ ប៉ុន្តែនគរវត្តមិនអាចទាក់ទង ពីគណៈកម្មការទាំង៤រូប ក៏ដូចជាអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ហង្សមាសជួយបកស្រាយរឿងនេះបានទេ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ដោយសារគ្មានលេខទូរស័ព្ទ ខណៈដែលគេដឹងថា ការបោះឆ្នោតទម្លាក់ អ៊ាម វន្នី មិនមែនកើតឡើងដោយគណៈកម្មការទាំង៤រូបនេះទេ គឺកើតឡើងដោយការបោះឆ្នោតពីមជ្ឈដ្ឋានទូទៅនៅទូទាំងប្រទេស៕
ដោយ៖ សុខ ខេមរា