តារា​សម្តែង​ជាង​២០​នាក់​ហ្វឹកហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ​ ត្រៀម​ថត​ខ្សែភាពយន្ត​រឿង​ “​វិស្សមកាល​មរណៈ​”

ចែករំលែក៖

​ភ្នំពេញ​៖​ តារា​សម្តែង​ប្រមាណ​ជាង​២០​នាក់​បាន​ ហ្វឹកហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ​មួយ​ចំនួន​ ប្រយោជន៍​ត្រៀមខ្លួន​ក្នុង​ការ​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​ ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​ គឺ​រឿង​ “​វិស្សមកាល​មរណៈ​”​។​ ខ្សែភាពយន្ត​ដែល​មាន​ឈុត​ឆាក​វាយតប់​ច្រើន​នេះ​នឹង​មានការ​ចូលរួម​សម្តែង​ពី​តារា​ប្រុស ​ស្រី​ល្បីឈ្មោះ​ជា​ច្រើន​ ហើយ​ចាប់ផ្តើម​ការ​ផលិត​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ២០១៥ ​។​

sdee

​តារា​សម្តែង​ប្រុស ​ស្រី​ល្បីឈ្មោះ​ដែល​ចូលរួម​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ក្បាច់​គុន​បុរាណ​ខ្មែរ​គឺ​មាន ​កញ្ញា​ នី​មុនីនាថ​ អ្នក​នាង​ ឆៃ​លី​ ដា​ឡែ​ន​ លោក​ ថៃ​ប៊ុ​ន​នាង​ លោក​ អេ​ឡិច​ និង​តារា​សម្តែង​ជា​ច្រើន​រូប​ទៀត ​។​

​អ្នកស្រី​ថុ​ង​ ស៊ីវ​ទៀង​ អគ្គ​នាយិការ​ផលិតកម្ម​ ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​បាន​បញ្ជាក់​ថា​ ក្រោយ​វិល​មក​ថត​ខ្សែភាពយន្ត​ជា​ថ្មី​នេះ​គឺជា​លើក​ទី​មួយ​ដែល​ផលិតកម្ម​អ្នកស្រី​ដាក់​គម្រោង​មួយ​ធំ​ជាមួយនឹង​ការ​ផលិត​ខ្សែភាពយន្ត​ដុំ​ខ្នាត​ធំ​ ដែល​ទាំង​ការ​ចំណាយ​លើ​សម្ភារៈ​បច្ចេកទេស​ទំនើប​ជាង​មុន​ ពិសេស​គឺ​មានការ​ចូលរួម​សម្តែង​ពី​តារា​ប្រុស​ ស្រី​ល្បីឈ្មោះ​ជា​ច្រើន​។​ អ្នកស្រី​បញ្ជាក់​ថា​ ដើម្បី​ធ្វើ​ឲ្យ​ខ្សែភាពយន្ត​នេះ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​អ្នកស្រី​បាន​ជួល​គ្រូបង្វឹក​ជំនាញ​ផ្នែក​ក្បាច់​គុន​បុរាណ​ខ្មែរ​មក​បង្ហាត់បង្រៀន​ក្បាច់​មូលដ្ឋាន​មួយ​ចំនួន​ដល់​សិល្បករ​។​ អ្នកស្រី​ថា​ ការ​ហ្វឹកហាត់​ទាំងនេះ​នឹង​ជួយ​ឲ្យ​សិល្បករ​ទាំងអស់​អាច​សម្តែង​ ពិសេស​លេង​បាន​ល្អ​ក្នុង​ឈុត​ឆាក​វាយតប់​ដែល​ការ​ហ្វឹកហាត់​នេះ​មាន​រយៈពេល​ជាង​មួយ​ខែ​មុន​ពេល​ចេញ​ថត​ជា​ផ្លូវការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​។​

​តារា​សម្តែង​ ឆៃ​ លី​ដា​ឡែ​ន​ ដែល​កំពុង​តែ​ហ្វឹកហាត់​ជាមួយនឹង​គ្រូបង្វឹក​បាន​ឆ្លៀតពេល​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​មួយ​ដែល​នាង​បាន​ហ្វឹកហាត់​មូល​ដ្ឋា​មួយ​ចំនួន​នៃ​ក្បាច់​គុនបុរាណ​ខ្មែរ​។​ នាង​ថា​ ពិតជា​មានការ​លំបាក​ខ្លះ​សម្រាប់​ការ​ហ្វឹ​ង​ហាត់ ​ប៉ុន្តែ​ វា​បាន​ធ្វើ​ឲ្យ​នាង​ដឹង​ច្រើន​អំពី​ក្បាច់​គុន​ ការ​លើកជើង​ទាត់​ ធាក់​ ការ​វាយ​ ហើយ​ក៏​មាន​វិធីសាស្ត្រ​ក្នុង​ការ​គេច​ឬ​ផ្តួលខ្លួន​ជាដើម​។​ នាង​ថា​ក្បាច់​មូលដ្ឋាន​ទាំងនេះ​នឹង​អាច​ធ្វើ​ឲ្យ​ការ​សម្តែង​របស់​នាង​និង​សិល្បករ​ដទៃ​កាន់តែ​ប្រសើរ​ជាង​មុន​។​

​តារា​សម្តែង​ប្រុស​ ថៃ​ ប៊ុ​ន​នាង​ បញ្ជាក់​ថា​ ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​ដែល​លោក​និង​សិល្បករ​ជា​ច្រើន​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ដែល​ក្នុង​មួ​យស​ប្តា​ហ៍​សិល្បករ​ត្រូវ​ធ្វើការ​ហ្វឹកហាត់​ចំនួន​២​ថ្ងៃ​ ប៉ុន្តែ​ក្រៅពី​ថ្ងៃ​ហ្វឹកហាត់​ជាមួយ​គ្រូ​ជំនាញ​សិល្បករ​ក​អាច​ហ្វឹកហាត់​ដោយ​ខ្លួនឯង​ចៀសវាង​ការ​ភ្លេច​ ឬ​ការ​ឈឺ​សាច់ដុំ​ប្រសិនបើ​ខកខាន​យូ​រថ្ងៃ​នោះ​។​

​លោក​បញ្ជាក់​ថា​ ក្បាច់​វាយតប់​ប្លែក​ក្នុង​ខ្សែភាពយន្ត​រឿង​ “​វិស្សមកាល​មរណៈ​”​នេះ​នឹង​កានតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ហើយ​លោក​រំពឹង​ថា ​សិល្បករ​នឹង​ធ្វើ​បាន​ល្អ​នៅ​ពេល​ដែល​ពួក​គាត់​សម្តែង​ និង​មិន​មាន​កំហុសឆ្គង ​។​

​លោក​ តាន់​ ច័ន្ទ​កក្កដា​ គ្រូបង្វឹក​មក​ពី​សហព័ន្ធ​យុទ្ធ​ក្រម​ក្បាច់​គុន​បុរាណ​ខ្មែរ​មហានគរ​ បាន​បញ្ជាក់​ថា​មាន​ក្បាច់​ចំហរ​ និង​ក្បាច់​មូលដ្ឋាន​មួយ​ចំនួន​ត្រូវ​បា​នប​ង្រៀ​នទៅ​ដល់​សិល្បករ​ ហើយ​ក្បាច់​ភាគច្រើន​គឺ​សម្រាប់​ការ​សម្តែង​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​របួស​នៅ​ពេល​សម្តែង​។​ លោក​បញ្ជាក់​ថា​ វា​គឺជា​រឿង​ល្អ​ដែល​សិល្បករ​គួរតែ​ចេះ​ពី​ក្បាច់​គុណ​បុរាណ​ខ្មែរ​ព្រោះ​មិនមែន​ដើម្បី​តែ​ការ​ថត​សម្តែង​ទេ​ ប៉ុន្តែ​ដើម្បី​សុខភាព​ ភាព​រហ័សរហួន​ និង​ជា​មូលដ្ឋាន​សម្រាប់​ពួក​គាត់​អំពី​ការ​លោត​ហក់​ ការ​ផ្តួលខ្លួន​ជាដើម​។​

លោក​បញ្ជាក់​ថា​ ទោះបីជា​ការ​ហ្វឹកហាត់​បាន​បញ្ចប់​ក្តី ​លោក​នៅ​តែ​បន្ត​តាមដាន​នៅ​ពេល​ថត​ផ្ទាល​ផង​ដែរ​ជៀសវាង​កំហុសឆ្គង​ណាមួយ​៕​

sdee (4)sdee (5)sdee (3)sdee (2)sdee (6)

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print