ស្រវឹងស្រាជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ដបុកបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់មានសភាពស្រវឹងស្រាជោកជាំបានជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្ដមួយគ្រឿងបើកបុកទទួលរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិ ស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះឈ្មោះ វាន់ លីហៀង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្នាទុង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-9555 (រងរបួសធ្ងន់) រីឯរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿងលាយស ប្រភេទដឹកអ្នកដំណើរធុនធំ ពាក់ស្លាកលេខភ្នំពេញ 3C-8519 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលេចទៅកើត ដោយមានសភាពស្រវឹងស្រាជោគជាំ លុះមកដល់ចំណុចកើតហេតុស្រាប់តែជនរងគ្រោះជាអ្នកជិះម៉ូតូបានបត់ឆ្លងផ្លូវដោយពុំមើលឆ្វេងមើលស្ដាំ មើលមុខមើលក្រោយនោះទេ ខណៈនោះក៏មានរថយន្ដម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក៏ឈប់មិនទាន់ជ្រុលទៅបុកជនរងគ្រោះ បណ្ដាលឲ្យដួលបោកទៅនិងផ្លូវទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ដបានទុករថយន្ដចោលរួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

NKD-36x6_outline

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សម្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលមកពីជនរងគ្រោះជាអ្នកជិះម៉ូតូមានសភាពស្រវឹងស្រាជោគជាំ ខ្វះការប្រុងប្រយ័ត្ន ខណៈដែលបត់ឆ្លងផ្លូវ ទើបបានជារថយន្ដបុកយ៉ាងដូច្នេះ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print