ខេត្តពោធិ៍សាត់៖ នារីម្នាក់បានមកប្តឹងសមត្តកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចោទបងថ្លៃពីបទ៖ ចោទប្រកាន់រំលោភសេពសន្ថវៈ បានសម្រេចចំនួន ១លើកកាលកណ្ដាលអធ្រាត្រខណៈខ្លួនកំពុងដេកនៅផ្ទះ។
ហេតុការណ៍ខាងលើនេះបានអនុវត្តន៍ឡើង នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងផែននគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា តាមការរាបរបពីនារីរងគ្រោះនាងមានបងប្អូនចំនួន ៤នាក់ស្រីចំនួន ២នាក់នាងជាកូនទី ៤ឈ្មោះ ស ថ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ(កន្លែងកើតហេតុ)ថា នៅវេលាម៉ោង២៣ និង៥០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យដែលត្រូវជាបងថ្លៃបានលបឡើងលើផ្ទះធ្វើសកម្មភាពចាប់រំលោភបានសម្រេចចំនួន ១លើក។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងផែននគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានបន្តថា ជនសង្ស័យដែលត្រូវជាបងថ្លៃឈ្មោះ ខ្លឹម ឡេង ភេទប្រុស អាយុ ៣៧ឆ្នាំ មានប្រពន្ធ និងមានកូនប្រុសស្រីចំនួន ៥នាក់ក្នុងបន្ទុកគ្រួសារ ហើយរស់នៅលើផ្ទះជាមួយគ្នាជនរងគ្រោះជាប្អូន ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។
លោក វរសេនីយ៍ត្រី អធិការរងនគរបាលស្រុកក្រគរបន្តទៀតថា ជនសង្ស័យមិនបានឆ្លើយសារភាពចំពោះមុខសមត្តកិច្ចនោះទេ ប៉ុន្តែគាត់បានរាបរបថាកន្លងមកគាត់បានស្រឡាញនាងដោយធ្លាប់បានស្ទាប់អង្អែលផងដែរ តែនៅយប់កើតហេតុខ្លួនបានទៅផឹកសុីនៅផ្ទះឈ្មោះ ផល លុះរហូតដល់យប់ជ្រៅទើបត្រឡប់មកផ្ទះវិញក៍ចូលដេកតែម្តង ករណីនេះបានបំពេញនីតិវិធីតាមបញ្ជាលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ បឹុម ពិន