ខេត្តកំពង់ឆ្នាំង ៖ កីឡាករម្នាក់មានអាការៈថប់ដង្ហើម អារៈពេញទូក រហូតដល់ដល់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ក្នុងពេល ដែលក្រុមកីឡាករកំពុងអុំសាកល្បង អោយគណអធិបតីមើលនៅថ្ងៃជូនដំណើរទូក ទៅកាន់រាជធានីភ្នំពេញ ។
ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅកន្លែងប្រារព្វពិធីមុខវត្តកំពង់ត្រឡាចក្រោម ។
ជនរងគ្រោះឈ្មោះចាប ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជាកីឡាករចំណុះទូកឈ្មោះក្តាមប្រៃ នៅភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ គ្រូពេទ្យបានអោយដឹងថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីព្រឹកថ្ងៃទី៣១ តុលា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីសំណេះសំណាលជាមួយកីឡាករកីឡាការនី និង អុំសាកល្បង មុនពេលចេញដំណើរទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅរាជធានីភ្នំពេញ ។
ប្រភពបានអោយដឹងទៀតថា នៅក្នុងពេលអុំសាកល្បងនោះទូកឈ្មោះក្តាមប្រៃបានអុំឡើងទៅដើមទីឆ្លងកាត់ពីមុខវេទិការគណះអធិបតី បានប្រហែល៥០ម៉ែត្រស្រាប់តែកីឡាករឈ្មោះចាប ពៅ មានអារះមិនស្រួលនិងបានដួលនៅលើទូក ហើយក្រុមគ្រូពេទ្យដែលនៅប្រចាំការទីនោះបានចុះទៅជួយសង្គ្រោះភ្លាមៗផងដែរ ប៉ុន្តែមិនអាចជួយបាន ៕ ចន្ថា